យានរុករក «Mars Rover 2020» នឹងស្វែងរកដាននៃជីវិត នៅលើភពព្រះអង្គារ! | BayKdang យានរុករក «Mars Rover 2020» នឹងស្វែងរកដាននៃជីវិត នៅលើភពព្រះអង្គារ! | BayKdang

យានរុករក «Mars Rover 2020» នឹងស្វែងរកដាននៃជីវិត នៅលើភពព្រះអង្គារ!

(អាមេរិក)៖ ក្រុមបច្ចេកទេស​របស់ ទីភ្នាក់ងារអវកាស NASA ទីបំផុតបានចាប់ផ្តើមការងារ​ជាផ្លូវការហើយ នូវ​ដំណាក់កាល ATLO (​ដំឡើង ធ្វើតេស្ត និងប្រតិបត្តិការ​បាញ់បង្ហោះ) ក្នុងការអភិវឌ្ឍ​យានរ៉ូវើ​ជំនាន់ថ្មី សម្រាប់ស្រាវជ្រាវ​នៅលើ​ភពអង្គារ (Mars) របស់ខ្លួន ដែលគ្រោង​នឹង​​ត្រូវបញ្ជូនឡើង​ក្នុងទីអវកាស​ នៅឆ្នាំ២០២០។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

ប្រសិនបើអ្វីៗ​ប្រព្រឹត្តទៅតាម​ការគ្រោងទុក យានរ៉ូវើឆ្នាំ២០២០ (Mars Rover 2020) នឹងធ្វើការវាយតម្លៃ​ ទៅលើសណ្ឋានភូមិសាស្រ្ត នៃទីតាំងចុះចតរបស់វា នៅ​លើភពអង្គារ ដែល​ទីតាំងនេះ​ ​មិនទាន់ត្រូវបាន​ប្រកាសឲ្យដឹង​នៅឡើយទេ និងកំណត់​កម្រិតអាចឲ្យមនុស្ស​រស់នៅបាន នៃបរិស្ថាន​របស់ Mars ក៏ដូចជារុករកសញ្ញា​ នៃជិវិតពីអតីតកាល ហើយស្ទាបស្ទង់​មើលធនធាន​ធម្មជាតិ ព្រមទាំងកត្តា​គ្រោះថ្នាក់​ផ្សេងៗ សម្រាប់​បេស​កកម្ម​ធ្វើឡើងដោយ​មនុស្ស ដែលអាចកើតមាន​នៅលើភព​ក្រហមនេះ។

គួរជម្រាបថា យានរ៉ូវើ​ជំនាន់ថ្មីនេះ ដែលនឹងមាន​លក្ខណៈស្រដៀងទៅនឹង​យានរ៉ូវើ Curiosity ដែលកំពុងធ្វើ​ប្រតិបត្តិការ​នៅ Mars នឹងត្រូវ​បាញ់បង្ហោះ​នៅខែកក្កដា ឆ្នាំ២០២០ តាមរយៈ​គ្រាប់រ៉ុក្កែត Atlas V 541 ចេញពី​មូលដ្ឋាន Space Launch Complex 41 នៅបន្ទាយទ័ព​អាកាស​អាមេរិក ក្នុង​ជ្រោយ Cape Canaveral នៃរដ្ឋផ្លូវរីដា។

អង្គការ NASA ទើបតែធ្វើតេស្តបច្ចេកវិទ្យា​ឆ័ត្រយោងថ្មី ដែលត្រូវបាន​រចនាឡើង ដើម្បីជួយ​ឲ្យ​យាន Mars Rover 2020 របស់ NASA ចុះទៅដល់​ភពអង្គារ (Mars) ដោយសុត្ថិភាព ខណៈយាន​ដែលមានទំហំប៉ុន​រថយន្តធម្មតា​មួយគ្រឿង និងមានលក្ខណៈ​ស្រដៀងនឹង​យាន Curiosity នេះ​ត្រូវគេ​គ្រោងនឹង​ឲ្យធ្វើយ៉ាងណា​ឲ្យវាចុះជាន់​ដល់ដី Mars នៅ​ឆ្នាំ២០២១ ដើម្បីតាម​ប្រមាញ់រុករក​សញ្ញា នៃទម្រង់ជីវិត​កាលពី​អតីតកាល នៅលើ​ភពក្រហម​​នេះ នៅក្នុងរយៈពេលប្រតិបត្តិការ ០២ឆ្នាំ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77