លេចឮ​ដំណឹង​ថា អ៊ីវ៉ា ត្រៀម​ដើរ​ចេញ​ពី «សាន់ដេ» ចូល «ថោន» ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ​ហើយ | BayKdang លេចឮ​ដំណឹង​ថា អ៊ីវ៉ា ត្រៀម​ដើរ​ចេញ​ពី «សាន់ដេ» ចូល «ថោន» ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ​ហើយ | BayKdang

លេចឮ​ដំណឹង​ថា អ៊ីវ៉ា ត្រៀម​ដើរ​ចេញ​ពី «សាន់ដេ» ចូល «ថោន» ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ​ហើយ

(ភ្នំពេញ)៖ កាលពីកន្លងទៅ ធ្លាប់បែកធ្លាយដំណឹងថា តារាស្រីប្រចាំផលិតកម្មសាន់ដេ អ៊ីវ៉ា បានត្រៀមខ្លួន ចាកចេញពីទ្រនំរបស់ខ្លួន ដើម្បីផ្លាស់ទៅទ្រនំដទៃទៀត ដែលធ្វើឲ្យអ្នកគាំទ្រ មានភាពអន្ទះសារ រង់ចាំនូវការបកស្រាយពីម្ចាស់សាមីខ្លួន ស្របពេលដែលនាងបានលេចមុខជាថ្មី ក្នុងចម្រៀង MV ចូលឆ្នាំខ្មែរ ធ្វើឲ្យអ្នកគាំទ្រអស់មន្ទិលសង្ស័យ មួយរយៈ។ យ៉ាងណាមិញ ស្រាប់តែ តារាចម្រៀងស្រីរូបនេះ បង្កភាពភ្ញាក់ផ្អើលម្ដងទៀត សម្រាប់អ្នកគាំទ្រ ខណៈដែលលេចឮដំណឹងល្ហៀងៗថា នាងត្រៀមចេញពីផលិតកម្មសាន់ដេ ហើយផ្លាស់ប្ដូរទ្រនំទៅផលិតកម្មថោន វិញ នៅក្រោយឱកាសចូលឆ្នាំថ្មីហើយ។

ជាការពិតណាស់ មួយរយៈចុងក្រោយមកនេះ ស្រីស្រស់រាងតូចច្រឡឹង អ៊ីវ៉ា ហាក់បីដូចជា ស្ងប់ស្ងាត់ពីវិស័យសិល្បៈ មិនសូវបញ្ចេញចម្រៀងច្រើន ដូចជាតារារួមទ្រនំដទៃទៀតឡើយ។ មានប្រភពជិតស្និទ្ធនឹងស្រីស្រស់ អ៊ីវ៉ា បានបង្ហើបឲ្យដឹងថា នាងត្រៀមចាកចេញពីផលិតកម្មសាន់ដេ ប្ដូរទៅទ្រនំហង្សមាស ដែលជាផលិតកម្មអាចជួយលើកស្ទួយ អ៊ីវ៉ា ឲ្យកាន់តែមានភាពលេចធ្លោ ល្បីល្បាញជាងនេះ។ ផ្ទុយទៅវិញ អ្នកគាំទ្រ ចេះតែទន្ទឹងរង់ចាំមើល រហូតមកទល់ពេលនេះ គេនៅតែមិនទាន់ឃើញស្រីស្រស់ អ៊ីវ៉ា ចេញពីសាន់ដេ នៅឡើយ ខណៈដែលដំណឹងកាន់តែច្បាស់ការណ៍ថា អ៊ីវ៉ា ប្រាកដជាផ្លាស់ប្ដូរទ្រនំ តែគ្រាន់តែមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទ និង ពេលវេលា នៃការចាកចេញ ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ព័ត៌មានចុងក្រោយបានឱ្យដឹងថា អ៊ីវ៉ា បានសម្រេចចិត្តបោះចោលហង្សមាស ហើយទៅផ្ញើខ្លួនជាមួយផលិតកម្មថោន ដែលបទចម្រៀងសម័យរបស់នាង នឹងចេញជាផ្លូវការ នៅក្រោយចូលឆ្នាំខ្មែរ ខាងមុខនេះហើយ។

រួមជាមួយគ្នានេះដែរ ថោន ស្វាគមន៍ អ៊ីវ៉ា យ៉ាងកក់ក្តៅ ព្រោះផលិតកម្ម មួយនេះ ត្រូវការតារាចម្រៀងល្បីៗ ដើម្បីប្រកួតប្រជែងជាមួយហង្សមាស នាពេលអនាគត ហេតុនេះហើយបានជាឆក់យក អ៊ីវ៉ា ឲ្យបានមុនហង្សមាស។

យ៉ាងណាមិញ គេសម្គាល់ឃើញថា ទោះបីជាតារាចម្រៀងស្រី នៅតែជាប់ឈ្មោះជាតារាប្រចាំសាន់ដេ អ៊ីវ៉ា មិនសូវបញ្ចេញចម្រៀងថ្មីៗក្ដី ប៉ុន្តែនាងនៅតែទទួលបានការស្រឡាញ់ រាប់អាន ចូលចិត្ត ពីសំណាក់មហាជន។ ថ្មីៗនេះ នាងក៏បានចូលរួមសម្ដែង ក្នុងចម្រៀងចង្វាក់ប្រពៃណីជាតិខ្មែរ ដោយច្រៀងរួមគ្នា ជាមួយ តារាចម្រៀង សុខ ពិសី , លោក ឆាយ វីរៈយុទ្ធ, លោក ខាន់ ជែមស៍ កញ្ញា អ៊ីវ៉ា, លោក មាស សាលី និងកញ្ញា លីនដា៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77