បន្ទាប់ពី​មាន​​គំរោង​​ទិញ​​យន្តហោះ «F-35B» ពី​​​​អាមេរិក ​កងទ័ព​អាកាស​ចិន ​ធ្វើ​សមយុទ្ធ​​បាញ់​​​គ្រាប់ពិត ចំពោះ​មុខ​​កោះ​តៃវ៉ាន់ | BayKdang បន្ទាប់ពី​មាន​​គំរោង​​ទិញ​​យន្តហោះ «F-35B» ពី​​​​អាមេរិក ​កងទ័ព​អាកាស​ចិន ​ធ្វើ​សមយុទ្ធ​​បាញ់​​​គ្រាប់ពិត ចំពោះ​មុខ​​កោះ​តៃវ៉ាន់ | BayKdang

បន្ទាប់ពី​មាន​​គំរោង​​ទិញ​​យន្តហោះ «F-35B» ពី​​​​អាមេរិក ​កងទ័ព​អាកាស​ចិន ​ធ្វើ​សមយុទ្ធ​​បាញ់​​​គ្រាប់ពិត ចំពោះ​មុខ​​កោះ​តៃវ៉ាន់

(ប៉េកាំង)៖ អង្គភាពទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍ នៃប្រទេស ស្របពេលកំពុងមានភាពតានតឹងជាមួយកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងគំរោងទិញយន្ដហោះចម្បាំង ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

យោងតាមស៊ីនហួរ សមយុទ្ធយោធានេះត្រូវបានធ្វើឡើងនៅឯទីក្រុង ក្វាន់ចូវ (Quanzhou) កាលពីថ្ងៃពុធ ដោយចាប់ផ្ដើមពីម៉ោង ០៨៖០០នាទីព្រឹក រហូតដល់ពាក់កណ្ដាលយប់ថ្ងៃដដែល។ ម្យ៉ាងវិញទៀត សមយុទ្ធយោធានេះទៀតសោត ត្រូវបានអ្នកវិភាគមើលឃើញថា គឺជាការឆ្លើយតបដោយផ្ទាល់ ទៅនឹងការបង្ករឿងដោយមេដឹកនាំកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងទង្វើដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចោទប្រកាន់ថា ជាសកម្មភាពញុះញង់ឱ្យដែនកោះមួយនេះ ទាមទារឯករាជ្យ ដោយផ្ដាច់ខ្លួនពីចិនដីគោក ខណៈទីក្រុងប៉េកាំងតែងតែអះអាងច្បាស់ៗថា តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។

តែទោះជាយ៉ាងនេះក្ដី យោធាចិនបានអះអាងថា សមយុទ្ធយោធានេះធ្វើឡើងជាទម្លាប់ធម្មតាដូចរាល់ឆ្នាំតែប៉ុណ្ណោះ បើទោះបីជាកោះតៃវ៉ាន់ បានថ្កោលទោស និងចាត់ទុកថា ចិនកំពុងធ្វើសកម្មភាពគំរាមកំហែង ដល់សន្តិសុខជាតិរបស់តៃវ៉ាន់ក៏ដោយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77