ស្វែង​យល់​ ពី​ភាព​អស្ចារ្យ​ខ្លះ​ៗ​ នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ សម័យ​មុន | BayKdang ស្វែង​យល់​ ពី​ភាព​អស្ចារ្យ​ខ្លះ​ៗ​ នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ សម័យ​មុន | BayKdang

ស្វែង​យល់​ ពី​ភាព​អស្ចារ្យ​ខ្លះ​ៗ​ នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ សម័យ​មុន

គេ​មិន​អាច​កំណត់​ថា របាំ​ព្រះ​រាជទ្រព្យ​កកើត​ឡើង​តាំង​ពី​សតវត្ស​ណា​ឱ្យ​ប្រាកដ​ឡើយ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​សិលា​ចារិក និង​រូប​ចម្លាក់​បាន​ឱ្យ​ដឹង​ថា របាំ​ព្រះ​រាជ​ទ្រព្យ​កកើត​ឡើង​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ។

បើ​តាម​បណ្ឌិត​ទស្សនវិជ្ជា វិទ្យា​សាស្ត្រ​សិល្បៈ អ្នក​ស្រី កែវ ណារុំ បាន​មាន​ប្រសាសន៍ថា គេ​បាន​រក​ឃើញ​ភស្តុតាង​រូប​ចម្លាក់​ស្រី​របាំ និង​ហនុមាន​ធ្វើ​ពី​ដី​ដុត​ផលិត​នៅ​សតវត្ស​ទី​២ ជា​លទ្ធផល​នៃ​ការ​សន្និដ្ឋាន​បាន​ឱ្យ​ដឹង​ថា របាំ​ព្រះ​រាជ​ទ្រព្យ​ចាប់​ពន្លក​តាំង​​ពី​សតវត្ស​ទី១ ក្នុង​រជ្ជកាល​ព្រះបាទ កៅឌិញ្ញ មក​ម្ល៉េះ ក្នុង​នាម​ជា​របាំ​រាំ​ថ្វាយ​អាទិទេព។ ម្យ៉ាង​ទៀត បើ​តាម​សិលា​ចារិក​នៅ​សតវត្ស​ទី​៦​ ក៏​បាន​ចារ​រួច​ហើយ​ដែរ ស្ដី​អំពី​របាំ​ដែល​គេ​រាំ​ថ្វាយ​អាទិទេព។

អ្នក​ស្រី​បន្ត​ថា ពី​ដើម​របាំ​នេះ​មាន​តែ​នៅ​ក្នុង​ព្រះ​រាជ​​វាំង​តែប៉ុណ្ណោះ ហើយ​បុត្រ​របស់​ព្រះ​មហាក្សត្រ និង​កូន​នាម៉ឺន​មន្ត្រី​ធំ​ៗ សុទ្ធ​តែ​បាន​រៀន​របាំ​នេះ ដោយ​ត​រហូត​មក​ដល់​រជ្ជកាល​ព្រះ​បាទ​នរោត្តម។ លោកស្រីថា កាល​នៅ​សម័យ​មុន របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​យ៉ាង​ខ្ពង់​ខ្ពស់​ គេ​លើក​តម្កើង​របាំ​នេះ សម្រាប់​តែ​រាំ​ថ្វាយ​ព្រះ​អាទិទេព និង​ព្រះ​មហាក្សត្រ ហើយ​អ្នក​រាំ​របាំ​ទាំង​អស់​ក៏​ត្រូវ​បាន​ឱ្យ​តម្លៃ​ខ្ពស់​ដែរ។

“អ្នក​រាំ​របាំ​ព្រះ​រាជ​ទ្រព្យ​សម័យ​មុន​ៗ គេ​ចាត់​ទុក​ថា​ជា​កូនអាទិទេព ដូច្នេះ​មាន​តែ​បុត្រ​ស្ដេច និង​កូន​មន្ត្រី​ធំ​ៗ​ទេ ទើប​គេ​ឱ្យ​រៀន​រាំ​របាំ​នេះ អីចឹង​បាន​ឃើញ​បុត្រ​ស្ដេច​ទន់​ភ្លន់​ណាស់ សុភាពរាបសារ​ណាស់ ព្រោះ​គេ​បាន​ទទួល​ការ​អប់​រំ​យ៉ាង​ល្អ​ ឱ្យ​ស័ក្តិ​សម​ជា​កូន​អាទិទេព នេះ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន”។ បណ្ឌិត​ទស្សនវិជ្ជា វិទ្យា​សាស្ត្រ​សិល្បៈ អ្នក​ស្រី កែវ ណារុំ បាន​បញ្ជាក់។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ លោក​ជំទាវ ម៉ិញ កុសនី បាន​ឱ្យ​ដឹង​​ថា​កាល​ពី​សម័យ​មុន ព្រះ​មហាក្សត្រ​ជា​អ្នក​គ្រប់​គ្រង និង​បើក​ប្រាក់​ខែ​ឱ្យ​ក្រុម​របាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក្នុង​រង់ក្រុម​របាំ​នេះ​ជា​សម្បត្តិ​​ស្ដេច ដូច្នេះ​ទើប​បាន​ជា​ក្រុម​​របាំ​​ដាក់​ឈ្មោះ​ថា​ របាំ​ព្រះ​រាជ​ទ្រព្យ។ រាល់​សម្លៀកបំពាក់​ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ប្រណិត។ ចំពោះ​គ្រឿង​អលង្ការ​វិញ ដូច​ជា​កង​ដៃ កងជើង ខ្សែក ក្រវិល និង​គ្រឿង​អលង្ការ​គ្រប់​បែប​យ៉ាង​ គឺ​ជា​មាស​សុទ្ធ និង​ដាំ​ពេជ្រ​ទាំង​អស់។

ភាព​អស្ចារ្យ​ខ្លះ​ៗ​របស់​របាំ​ព្រះ​រាជ​ទ្រព្យ​សម័យ​មុន​ៗ​៖

– រាំ​ថ្វាយ​អាទិទេព ក្នុង​ពិធី​បួង​សួង​សុំ​ទឹក​ភ្លៀង ពិធី​បួង​សួង​ផ្សេង​ៗ រាំ​ថ្វាយ​ព្រះ​មហាក្សត្រ និង​រាំ​​ក្នុង​ពិធី​ធំ​ៗ​ជា​លក្ខណៈ​ជាតិ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

– ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​បម្រើ​ក្នុង​របាំ​នេះ រាប់​តាំង​ពី​សម្លៀកបំពាក់ ដល់​គ្រឿង​អលង្ការ សុទ្ធ​សឹង​ជា​របស់​ស្ដេច។

– គ្រឿង​អលង្ការ​ដែល​គ្រោង​រាំ​ក្នុង​របាំ​នេះ សុទ្ធ​សឹង​ជា​មាស និង​ពេជ្រ​ទាំង​អស់។

– ក្រុម​របាំ​ទាំង​អស់​ស្ដេច​ជា​អ្នក​បើក​ប្រាក់​ខែ​ឱ្យ។

– អ្នក​រាំ​របាំ​ព្រះ​រាជ​ទ្រព្យ​ទាំង​អស់ គេ​ចាត់​ទុក​ជា​កូន​របស់អាទិទេព ដូច្នេះ​របាំ​នេះ​ទុក​សម្រាប់​តែ​បុត្រ​ស្ដេច​ និង​កូន​មន្ត្រី​ធំ​ៗ ក្នុង​ព្រះ​រាជ​វាំង​រៀន​តែ​ប៉ុណ្ណោះ។

– អ្នក​របាំ​ទាំង​អស់​ទទួល​ការ​អប់រំ​យ៉ាង​ល្អ​បំផុត ដើម្បី​ឱ្យ​ស័ក្តិ​សម​ជា​បុត្រ​អាទិទេព។

– ហេតុផល​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យអ្នក​រាំ​របាំ​ព្រះ​រាជ​ទ្រព្យ​កាល​ក្នុង​សម័យ​មុន​ៗ ត្រូវ​បាន​គេ​លើក​តម្កើង​យ៉ាង​ខ្ពស់។

ឈ្មោះ”របាំ​ព្រះ​រាជ​ទ្រព្យ​”ក្នុង​សម័យ​មុន​ត្រូវ​បាន​ប្ដូរ​មក​ឈ្មោះ​ថា “របាំ​ក្បាច់​បុរាណ” ឬ “របាំ​បុរាណ”​វិញ ព្រោះ​ក្រុម​របាំ​នេះ​មិន​បាន​គ្រប់​គ្រង​ដោយ​ព្រះ​មហាក្សត្រ​ទៀត​ទេ។ ចំពោះ​សម្លៀកបំពាក់​ និង​ក្បាច់​រាំ​វិញ​ក៏​មាន​ការ​ប្រែប្រួល​ខ្លះៗ​ដែរ ដោយ​ផ្លាស់ប្ដូរ​តាម​សម័យ​កាល៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77