មានដឹងទេ ហេតុអ្វីបានជាបុណ្យពិសាខបូជា រាជរដ្ឋាភិបាលកំណត់ក្នុងប្រតិទិនជាតិ ជាថ្ងៃឈប់សម្រាក? | BayKdang មានដឹងទេ ហេតុអ្វីបានជាបុណ្យពិសាខបូជា រាជរដ្ឋាភិបាលកំណត់ក្នុងប្រតិទិនជាតិ ជាថ្ងៃឈប់សម្រាក? | BayKdang

មានដឹងទេ ហេតុអ្វីបានជាបុណ្យពិសាខបូជា រាជរដ្ឋាភិបាលកំណត់ក្នុងប្រតិទិនជាតិ ជាថ្ងៃឈប់សម្រាក?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីពិធីបុណ្យពិសាខបូជា ដែលតែងប្រារព្វនៅថ្ងៃទី១៥កើត ខែពិសាខជារៀងរាល់ឆ្នាំ ហើយដែល រាជរដ្ឋាភិបាលបានកំណត់ក្នុងប្រតិទិនជាតិថ្ងៃឈប់សម្រាកប្រចំាឆ្នាំ ដូចយើងឃើញសព្វថ្ងៃនេះពីព្រោះក្នុងគោលបំណងចង់ឲ្យខេមរៈជនខ្មែរស្រី-ប្រុសគ្រប់រូបគឺទីមួយ៖ ឲ្យយើងស្វែងយល់និងចេះទ្រឹស្ដីព្រះពុទ្ធ ទីពីរ៖ ឲ្យយើងចងចាំ និងទីបី៖ ឲ្យយើងដឹងអំពីគុណតម្លៃព្រះពុទ្ធហ្នឹងឯង។

ចំពោះថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យពិសាខបូជាដ៏ប្រពៃថ្លៃថ្លានេះដែរ បើនិយាយពីសាវតារពិធីបុណ្យនេះទៀតសោត គឺថ្ងៃនេះគេរាប់ថា ជាពិធីបុណ្យព្រះពុទ្ធសាសនា ដ៏ធំបំផុតមួយផងដែរ សម្រាប់ប្រទេសនានាប្រកាន់ព្រះពុទ្ធសាសនាលើលោក ក៏ដូចជាអង្គការសហប្រជាជាតិ។ ពីព្រោះក្នុងថ្ងៃនេះខែនេះគេចាត់ទុកជាថ្ងៃ ខែដ៏មហាមង្គលបំផុត ដែលព្រះសម្ពុទ្ធបរមគ្រូនៃយើងដោយទ្រង់បានភពប្រសព្វនូវហេតុការណ៍ធំៗបី ដ៏អស្ចារ្យក្នុងពុទ្ធប្រវត្ដិមានជាអាទិ៍៖ ទី១៖ ទ្រង់ប្រសូត្រ ទី២៖ ទ្រង់ត្រាស់ដឹង និងទី៣៖ ទ្រង់ចូលនិព្វាន គឺស្ថិតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ តែមួយហ្នឹងឯង ដោយខុសតែឆ្នាំប៉ុណ្ណោះ។ ត្រង់ចំណុចនេះហើយ ទើបប្រទេសប្រកាន់ព្រះពុទ្ធសាសនាលើលោក ក៏ដូចប្រទេសកម្ពុជាយើងបាននំាគ្នាប្រារព្វពិធីបុណ្យពិសាខបូជា តំាងពីបុរាណកាលរៀងមក។

លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះពិធីបុណ្យពិសាខបូជានេះដែរ នៅប្រទេសកម្ពុជាយើងតំាងពីបុរាណកាលរៀងមក ក្នុងថ្ងៃនេះគឺមានមហាជនស្រី-ប្រុស ចាស់-ក្មេង ជួបជុំគ្នា យ៉ាងអ៊ូរអរបំផុតនៅតាមទីវត្ដអារាមនានា ដោយនំានូវគ្រឿងសក្ការៈបូជាផ្សេងៗ មានទៀន ធូក ផ្កាភ្ញី ជាដើមដើម្បីឧទ្ទិសគោរពបូជាដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក្នុងការសំដៅដល់ មហាមង្គលអភិលក្ខិតកាលទំាងបីខាងលើ។

ម្យ៉ាងទៀតក្នុងថ្ងៃនេះដែរយើងឃើញថា ជាទិវារាត្រីដ៏ប្រពៃបំផុត ដោយព្រះចន្ទមានពន្លឺពេញបូណ៌មីដ៏ស្រទន់ បើដូច្នេះបើនិយាយពីខ្មែរយើងសម័យបុរាណព្រះសង្ឃ នៅតាមទីវត្ដអារាមនានា ព្រះអង្គបានសម្ដែងព្រះធម៌ទេសនាឆ្លើយឆ្លងគ្នារហូតទាល់ភ្លឺប្រកបទឹកចិត្ដជ្រះថ្លា និងរីករាយបំផុត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77