ប្រធាន​អង្គការ NASA បញ្ជាក់​មូលហេតុ​ឡើងវិញ អំពីភាព​ចាំបាច់​នៃការហោះទៅ​ឋានព្រះច័ន្ទ​មុនភពអង្គារ | BayKdang ប្រធាន​អង្គការ NASA បញ្ជាក់​មូលហេតុ​ឡើងវិញ អំពីភាព​ចាំបាច់​នៃការហោះទៅ​ឋានព្រះច័ន្ទ​មុនភពអង្គារ | BayKdang

ប្រធាន​អង្គការ NASA បញ្ជាក់​មូលហេតុ​ឡើងវិញ អំពីភាព​ចាំបាច់​នៃការហោះទៅ​ឋានព្រះច័ន្ទ​មុនភពអង្គារ

(អាមេរិក)​៖ នាឱកាស​នៃការថ្លែងសារ​ដ៏សំខាន់ជាលើកដំបូង ក្នុងនាមជា​ប្រធានអង្គការ NASA លោក Jim Bridenstine បាននិយាយ​ការ​ពារ​កម្មវត្ថុ​ របស់ទីភ្នាក់ងារ​អវកាសអាមេរិក​មួយនេះ ដែលមានបំណងទៅកាន់ឋាន​ព្រះច័ន្ទ មុនចេញ​បេសកកម្មទៅ​កាន់ភពអង្គារ (Mars)។ នេះ​បើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

លោក Bridenstine ដែលជាមន្រ្តី​មកពីបក្ស​សាធារណរដ្ឋ បានស្បថចូលកាន់​តំណែងជាមេ នៃទីភ្នាក់ងារ​អវកាស NASA កាលពីបី​សប្តាហ៍​មុន ក្រោយពី NASA បានបន្តធ្វើ​ប្រតិបត្តិការ ដោយ​ពុំមានអ្នកដឹកនាំអចិន្រ្តៃយ៍​អស់រយៈពេល ១៥ខែ ជុំវិញការ​ផ្លាស់ប្តូររបស់ប្រធានាធិបតី​អាមេរិក​។ ខណៈដែល NASA បានស្ថិត​ក្រោម​ការគ្រប់គ្រងរបស់​ប្រធានស្តីទី​រដ្ឋបាល​លោក ដូណាល់ ត្រាំ បានបង្គាប់​ឲ្យទីភ្នាក់ងារ​អវកាសនេះ ធ្វើការ​នាំ​យកមនុស្សត្រឡប់ទៅ​កាន់ឋានព្រះច័ន្ទ​ជាថ្មីម្តងទៀត មុនមានការ​ចេញបេសកកម្ម​ទៅកាន់​ភពអង្គារ។

ថ្លែងនៅឯទីស្នាក់ការ​កណ្តាលរបស់ NASA លោក Jim Bridenstine បានលើក​ឡើងថា «ភពអង្គារ និងព្រះច័ន្ទ នឹងជាបេសកកម្មដែលជួយ​ជ្រោមជ្រែង​​គ្នាទៅវិញទៅមក។ ការត្រឡប់​ទៅកាន់ផ្ទៃនៃឋាន​ព្រះច័ន្ទវិញ នឹងអនុញ្ញាត​ឲ្យយើងមានលទ្ធភាព​ធ្វើឲ្យបច្ចេកវិទ្យា​ផ្សេងៗ​​ កាន់​តែមានភាព​ជឿនលឿន ដែលអាចជួយ​ដល់ការបំពេញបេសកកម្ម​ទៅកាន់ភព​ព្រះអង្គារ។ លោក Bridenstine បានគូស​បញ្ជាក់ថា ការ​បង្កើត​បេសកកម្ម​ទៅកាន់ឋាន​ព្រះច័ន្ទ គឺប្រៀបដូចជា​ការបង្កើតបណ្តាញ​ផ្លូវដែក ឆ្ពោះ​ទៅកាន់ភព​អង្គារ​អ៊ីចឹងដែរ»៕

រំលឹកព័ត៌មាន៖ អាចថាជារឿងដែល​គួរឲ្យរីករាយ និងគួរឲ្យទុក​ចិត្តបន្តិច ដោយអង្គការ​ NASA បានបញ្ជាក់ដោយផ្ទាល់នា​សប្តាហ៍នេះថា ស្ថានីយអវកាស​ដែលកំពុងស្ថិត​នៅក្នុង​ការ​អភិវឌ្ឍ និងគ្រោងយក​ទៅដាក់ឲ្យគោចរ​ជុំវិញព្រះច័ន្ទនោះ នឹងត្រូវសម្រេច​ជាផ្លូវការ​នៅឆ្នាំ២០២៥ (មិនមែននៅអំឡុងទសវត្សរ៍ ២០២០ ឬឆ្នាំ២០២០-២០២៩ ដែល​មិនច្បាស់ថា ឆ្នាំណា​ឲ្យ​ប្រាកដទៀត​នោះ​​ឡើយ)។ បើតាមព័តមាន​ចេញផ្សាយ​នៅចុង​ខែមេសា។

ការអះអាងអំពី​គំរោងបញ្ជូនស្ថានីយ​អវកាសថ្មី ទៅកាន់ព្រះច័ន្ទយ៉ាង​ច្បាស់លាស់នេះ គឺស្ថិតនៅ​ក្នុង​គោលដៅធំៗ​ចំនួនពីរ នោះគឺ​ទី ១៖​ ដើម្បីសិក្សាបន្ថែម​អំពីសក្តានុពល​នានា​​ ដែលមាននៅលើ​ឋាន​ព្រះច័ន្ទ ជាពិសេសគឺ​ស្រទាប់ព្រះច័ន្ទ ព្រមទាំងទឹក​នៅក្នុងនោះ​ផងដែរ។ ទី ២៖ រក្សា​ស្ថានីយ​អវកាសនេះ គឺជាកន្លែងឈប់​​សំចត​ដ៏សំខាន់​មួយសម្រាប់ក្រុមអវកាយានិក ដើម្បីរៀបចំខ្លួន​ឆ្ពោះដំណើរ​ទៅភព​អង្គារ ដែលគ្រោងធ្វើ​ឡើងនៅ​ទសវត្សរ៍ ២០៣០។

បើតាម NASA ស្ថានីយ Gateway ដែលមាន​ឈ្មោះដើមថា Deep Space Gate នេះ នឹងមិនត្រឹមតែជា​កន្លែងដើម្បីស្នាក់នៅ រៀនសូត្រ និងបំពេញការងារ​នៅកៀកនឹងព្រះច័ន្ទ​ប៉ុណ្ណោះទេ វាក៏នឹងអាចជួយគាំទ្រ​ដល់បេសកកម្ម​ជាច្រើនផ្សេង​ទៀត​ផងដែរ ទៅកាន់ឋាន​ព្រះច័ន្ទ និង​​សូម្បី​តែទៅ​កាន់ភពអង្គារ (Mars) និងកន្លែងឆ្ងាយៗ​ដទៃទៀត ហើយ​ក្រុម​អ្នកវិទ្យាសាស្រ្ត អាច​ប្រើ​ប្រាស់​​ឧបករណ៍​ដ៏​សម្បូរ​​បែប​ និងទំនើបៗ​​នៅ​ក្នុងស្ថានីយ ដើម្បីសិក្សាតាមដាន​មើល​ភពផែនដី និងព្រះអាទិត្យ​​ព្រមពេលជាមួយគ្នា​ថែមទៀត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77