កូរ៉េ​​ខាងជើង ប្រកាស​លុប​ចោល​ជំនួប​​កំពូល ជាមួយ​​កូរ៉េ​​ខាងត្បូង និង​ព្រមាន​​លុបចោល គំរោង​ជួប​គ្នា​​រវាង លោក គីម និងលោក ត្រាំ | BayKdang កូរ៉េ​​ខាងជើង ប្រកាស​លុប​ចោល​ជំនួប​​កំពូល ជាមួយ​​កូរ៉េ​​ខាងត្បូង និង​ព្រមាន​​លុបចោល គំរោង​ជួប​គ្នា​​រវាង លោក គីម និងលោក ត្រាំ | BayKdang

កូរ៉េ​​ខាងជើង ប្រកាស​លុប​ចោល​ជំនួប​​កំពូល ជាមួយ​​កូរ៉េ​​ខាងត្បូង និង​ព្រមាន​​លុបចោល គំរោង​ជួប​គ្នា​​រវាង លោក គីម និងលោក ត្រាំ

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃពុធនេះ បានប្រកាសលុបចោលកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយកូរ៉េខាងត្បូង ដែលត្រូវធ្វើឡើងនៅថ្ងៃនេះ ហើយមិនតែប៉ុណ្ណោះទីក្រុងព្យុងយ៉ាង ក៏បានព្រមានលុបចោលកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែ ក្រោយនេះផងដែរ ដោយសារតែការកំពុងធ្វើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនលើដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទវិចារណារបស់ខ្លួនសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចោទប្រកាន់ថា សមយុទ្ធយោធា Max Thunder របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាការត្រៀមលក្ខណៈឈ្លានពានទីក្រុងព្យុងយ៉ាងហើយថា វាគឺជាការបង្ករឿងធ្វើឱ្យល្អក់កករដល់ទំនាក់ទំនងអន្តរកូរ៉េ ដែលកំពុងមានភាពប្រសើរឡើង។

KCNA គូសបញ្ជាក់ដូច្នេះថា «សមយុទ្ធយោធានេះ មានគោលដៅមកលើពួកយើង និងជាសកម្មភាពបង្ករឿងធ្វើឱ្យល្អក់កករ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ការវិវត្តន៍នយោបាយ ក្នុងភាពវិជ្ជមាននៅលើតំបន់ឧបទ្វីបកូរ៉េ។ ដូច្នេះយើងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីលុបចោលកិច្ចប្រជុំកម្រិតខ្ពស់ ជាមួយកូរ៉េខាងត្បូងដែលនឹងត្រូវធ្វើឡើងនៅថ្ងៃពុធនេះ…»។

គួរបញ្ជាក់ថា ក្រៅតែពីលុបចោលជំនួបជាមួយកូរ៉េខាងត្បូង កូរ៉េខាងជើងក៏បានព្រមានលុបចោលកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរីផងដែរ។ សមយុទ្ធយោធា Max Thunder មានរយៈពេលពីរសប្ដាហ៍ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១១ ខែឧសភា ដោយមានការចូលរួមពីយន្ដហោះចម្បាំងជាង ១០០គ្រឿង ក្នុងនោះរួមមាន ទាំងយន្ដហោះចម្បាំងធុន F-12 និង F-15K៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77