យប់នេះ!​ ស្ពាន​ថ្មើរ​ជើង​ ​នៅ​ស្តុបនាង​គង្ហីង ​ចាប់ផ្តើម​ដំឡើង​គ្រោង​ដែក កាត់​ទទឹង​ផ្លូវទៀត​ហើយ,​ អាជ្ញាធរ​បិទផ្លូវ​មួយយប់ | BayKdang យប់នេះ!​ ស្ពាន​ថ្មើរ​ជើង​ ​នៅ​ស្តុបនាង​គង្ហីង ​ចាប់ផ្តើម​ដំឡើង​គ្រោង​ដែក កាត់​ទទឹង​ផ្លូវទៀត​ហើយ,​ អាជ្ញាធរ​បិទផ្លូវ​មួយយប់ | BayKdang

យប់នេះ!​ ស្ពាន​ថ្មើរ​ជើង​ ​នៅ​ស្តុបនាង​គង្ហីង ​ចាប់ផ្តើម​ដំឡើង​គ្រោង​ដែក កាត់​ទទឹង​ផ្លូវទៀត​ហើយ,​ អាជ្ញាធរ​បិទផ្លូវ​មួយយប់

(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសាងសង់ អស់រយៈពេលប្រមាណជាង៧ខែមកនោះ ស្ពានថ្មើរជើងលើអាកាសនៅរង្វង់មូលនាងគង្ហីង នឹងបន្តការដំឡើងគ្រោងដែកកាត់ទទឹងផ្លូវនៅយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះទៀត។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ដើម្បីរក្សាសុវត្ថិភាព ដល់អ្នកដំណើរសាលារាជធានីភ្នំពេញ នឹងបិទកំណាត់វិថីហ្សាលដឺហ្គោល ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវមុខហាង Kawasaki ទៅចិញ្ចើមផ្លូវមុខស្ថានីយ៍ប្រេងកាល់តិច ក្នុងពេលដំឡើងគ្រោងដែកកាត់ទទឹងផ្លូវមួយនេះ ដែលនឹងធ្វើឡើងនៅម៉ោង ២១៖០០នាទីយប់នេះ ដល់ម៉ោង៥៖០០នាទីទៀបភ្លឺ។

ក្នុងពេលដំណើរការដ្ឋានដំឡើងគ្រោងដែកកាត់ទទឹងផ្លូវនេះ សាលារាជធានីភ្នំពេញ បានស្នើសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។

សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ៣លានដុល្លារអាមេរិក។

ស្ពាននេះសាងសង់ឡើង ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានា នៅជុំវិញរង្វង់មូលនាងគង្ហីងតែម្តង។ ផ្លូវនេះត្រូវបានចាក់សសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77