ជិតដល់ថ្ងៃលេង World Cup ហើយ តោះមកស្គាល់ពីប្រវត្តិសង្ខេបវាសិន មុនទៅមើលនៅរុស្សីទាំងអស់គ្នា | BayKdang ជិតដល់ថ្ងៃលេង World Cup ហើយ តោះមកស្គាល់ពីប្រវត្តិសង្ខេបវាសិន មុនទៅមើលនៅរុស្សីទាំងអស់គ្នា | BayKdang

ជិតដល់ថ្ងៃលេង World Cup ហើយ តោះមកស្គាល់ពីប្រវត្តិសង្ខេបវាសិន មុនទៅមើលនៅរុស្សីទាំងអស់គ្នា

(ម៉ូស្គូ)៖ FIFA World Cup ជាធម្មតាត្រូវបានគេហៅថា «World Cup» មានន័យថា «ពានរង្វាន់បាល់ទាត់ពិភពលោក» ធ្វើឡើងជារៀងរាល់ ៤ឆ្នាំម្តងចាប់តាំងពីឆ្នាំ១៩៣០មក ពោលនៅក្រោយពេលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ដែលហៅកាត់ថា ហ្វីហ្វា (FIFA) បង្កើតឡើងនៅឆ្នាំ១៩០៤។

ដោយផ្នែកតាមឯកសារយោងមានដូចជា វេបសាយ Wikileak និងសារព័ត៌មានបរទេសមួយចំនួនបានបង្ហាញថា FIFA ដែលមានពាក្យពេញថា «International Federation of Association Football» មានតែ ៨ប្រទេសស្ថិតក្នុងប្លុកអឺរ៉ុបប៉ុណ្ណោះដែលចូលរួមបង្កើតស្ថាប័ននេះលើកដំបូងក្នុងឆ្នាំ១៩០៤ មានដូចជា ប៊ែលហ្ស៊ិក ដាយណឺម៉ាក បារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ ស៊ុយអែត និងស្វីស មានទីស្នាក់ការកណ្តាលស្ថិតនៅក្នុងទីក្រុង Zurich ប្រទេសស្វីស ដោយនាពេលបច្ចុប្បន្នមាន២១១ប្រទេសជាសមាជិក។

World Cup ដំបូងត្រូវបានធ្វើឡើងនៅឆ្នាំ១៩៣០ ដោយមានអ៊ុយរូហ្គាយធ្វើម្ចាស់ផ្ទះ មានតែ១៣ប្រទេសប៉ុណ្ណោះចូលរួម គ្រានោះក្រុមបាល់ទាត់ម្ចាស់ផ្ទះអ៊ុយរូហ្គាយ ជាអ្នកលើកពានតែម្តង ក្រោយយកឈ្នះក្រុមជម្រើសជាតិ ស្ថិតនៅរួមតំបន់ជាមួយគ្នា អាហ្សង់ទីន ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។

គិតចាប់តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ២០១៨នេះ World Cup មានអាយុកាល៨៨ឆ្នាំមកហើយ និងរៀបចំបាន២១ដង ដោយក្នុងនោះខកខាន ២សម័យកាលក្នុងឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦ ដោយសារសង្រ្គាមលោកលើកទី២ (World War II) ដោយមានប្រទេសប្រេស៊ីល ឈ្នះជើងឯកបាន៥ដងច្រើនជាងគេ តាមពីក្រោយដោយ អ៉ីតាលី និងអាល្លឺម៉ង់ ឈ្នះបាន៤ដងដូចគ្នា, អាហ្សង់ទីន និងអ៊ុយរូហ្គាយ ២ដងដូចគ្នា, បារាំង អង់គ្លេស និងអេស្ប៉ាញ បានម្នាក់ម្តងដូចគ្នា។

ប្រទេសស្ថិតទ្វីបអឺរ៉ុប អាល្លឺម៉ង់ ជាអ្នកឈ្នះពាន World Cup ចុងក្រោយគេក្នុងឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ក្រោយយកឈ្នះគូប្រជែងអាហ្សង់ទីន ១-០ ក្នុងនាទីបន្ថែមនៅវគ្គផ្តាច់ព្រ័ត្រដែលក្រុមមានរហស្សនាម «ឥន្រ្ទីស្លាបដែក» មួយនេះ ក៏មានវត្តមាននៅ World Cup 2018 នេះដែរ ដោយស្ថិតក្នុងពូល F ជាមួយនឹង ៣ប្រទេសផ្សេងទៀតរួមមាន ម៉ិចសិច ស៊ុយអែត និងកូរ៉េខាងត្បូង។

World Cup 2018 លើកទី២១ នឹងត្រូវរៀបចំឡើងនៅប្រទេសរុស្ស៊ី ចាប់ផ្តើមពីថ្ងៃទី១៤-មិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយមាន៣២ប្រទេសចូលរួម ស្មើនឹង ៦៤ប្រកួតនៅតាមពហុកីឡដ្ឋានចំនួន១២ ស្មើនឹង១០ទីក្រុង នៅទូទាំងប្រទេសរុស្ស៊ី៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77