ព្យុះធូលីយក្ស​កំពុងចល័ត​លើផ្ទៃភពអង្គារ ជាឱកាស​ដែល​យាន NASA អាច​ធ្វើការ​សិក្សា | BayKdang ព្យុះធូលីយក្ស​កំពុងចល័ត​លើផ្ទៃភពអង្គារ ជាឱកាស​ដែល​យាន NASA អាច​ធ្វើការ​សិក្សា | BayKdang

ព្យុះធូលីយក្ស​កំពុងចល័ត​លើផ្ទៃភពអង្គារ ជាឱកាស​ដែល​យាន NASA អាច​ធ្វើការ​សិក្សា

(អាមេរិក)៖ ព្យុះធូលីដ៏ធំមួយ​នៅលើ​ភពអង្គារ (Mars) បានបោកបក់​មកលើយានរុករក Opportunity របស់ទីភ្នាក់​ងារអវកាស NASA ដែល​​បានបង្ក​​ភាពរាំងស្ទះ​ដល់កិច្ចការងារ​ផ្នែកវិទ្យាសាស្រ្ត​របស់វា ខណៈ​យាន Opportunity កំពុងរង់ចាំ​ឲ្យព្យុះនេះស្ងប់ស្ងាត់​ទៅវិញ ទើបតែចាប់​ផ្តើមបំពេញ​បេសកកម្ម​បន្តទៀត។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ វែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី១១​ ខែមិថុនា ឆ្នាំ២០១៨។

ព្យុះខាងលើពី​ដំបូងត្រូវបានប្រទះ​ឃើញពីទីអវកាស ដោយដោយ​​ផ្កាយរណប​ប្រចាំភពអង្គារ MRO របស់​អង្គការ NASA។ បើតាម NASA ភ្លាមៗនៅពេល​ក្រុមការងារ​ទទួលបន្ទុកខាង​ផ្កាយរណប MRO បានមើលឃើញពី​រយៈចម្ងាយយ៉ាង​កៀកនៃព្យុះនេះ ទៅកាន់​យានរុករក Opportunity ពួកគេក៏បានផ្តល់​ដំណឹង​ទៅកាន់ក្រុមការងារ​ នៃយានរ៉ូបូតនេះ​ជាបន្ទាន់ ដើម្បីចាប់​ផ្តើមរៀបចំផែនការ​​សម្រាប់គ្រា​អាសន្ន។​

គួរជម្រាបថា មកទល់​ពេលនេះ ព្យុះធូលីនេះ​បានគ្របដណ្តប់​លើផ្ទៃដៃប្រហែល ១៨លានគីឡូម៉ែត្រ​ក្រឡា​នៃភពអង្គការ ដែលវា​ជាតំបន់​មួយ​ធំជាងទ្វីប​អាមេរិកទាំងមូលនៅ​លើផែនដី​ទៅទៀត។ បើតាម​អង្គការ NASA ព្យុះ​ទ្រង់ទ្រាយធំ​បែបនេះ ពុំមែនជារឿងគួរ​ឲ្យភ្ញាក់​ផ្អើល​ឡើយ​ ប៉ុន្តែតែងកើត​មានជា​ញឹកញាប់ ខណៈពួកវា​អាចកកើត​ឡើងភ្លាមៗ ប៉ុន្តែមានឥទ្ធិពល​រហូតដល់រាប់​សប្តាហ៍ ឬរាប់ខែ​ក៏មាន។

យាន Opportunity បាននិង​កំពុងធ្វើការស្រាវជ្រាវ​ និងរុករកនៅភពអង្គារ​ចាប់តាំងពីឆ្នាំ​២០០៤ មកម្ល៉េះ ប៉ុន្តែវាដំណើរការ​ដោយថាមពល​​ព្រះ​អាទិត្យ។ ដូច្នេះហើយ​ដោយសារ​តែព្យុះធូលី អាចបាំង​ផ្ទៃមេឃនោះ កម្រិតនៃ​ពន្លឺព្រះអាទិត្យ​ដែល​យាននេះ​អាចប្រើប្រាស់បាន​ដើម្បី​សាក​ថាមពលរបស់វា បានធ្លាក់ចុះគួរឲ្យ​កត់សម្គាល់។

ទោះជា​បែបនេះ​ក្តី Opportunity របស់ NASA គឺជាយាន​ដ៏រឹងមាំមួយ ហើយនាពេល​ប្រមាណជា ១៥ឆ្នាំកន្លង​ទៅនេះ វាធ្លាប់បាន​ជួបប្រទះ​និង​ឆ្លងកាត់​ព្យុះធូលីរាប់​មិនអស់ សូម្បីតែ​ព្យុះធំជាងព្យុះ​ដែលវាកំពុងទទួល​រងឥទ្ធិពលនាពេលនេះ​ទៅទៀត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77