តើ​ការ​រីក​ចំរើន​លឿន​​ខ្លាំង​​របស់ «SpaceX» ប៉ះ​ពាល់​​ដល់​​អង្គការ «NASA» ដែរ​​ឬ​ទេ? | BayKdang តើ​ការ​រីក​ចំរើន​លឿន​​ខ្លាំង​​របស់ «SpaceX» ប៉ះ​ពាល់​​ដល់​​អង្គការ «NASA» ដែរ​​ឬ​ទេ? | BayKdang

តើ​ការ​រីក​ចំរើន​លឿន​​ខ្លាំង​​របស់ «SpaceX» ប៉ះ​ពាល់​​ដល់​​អង្គការ «NASA» ដែរ​​ឬ​ទេ?

(អាមេរិក)៖ នាយកប្រតិបត្តិការរបស់ក្រុមហ៊ុន SpaceX គឺលោក Elon Musk បានធ្វើឲ្យពិភពលោកមានការកោតស្ញប់ស្ញែង តាមរយៈការអភិវឌ្ឍគ្រាប់រ៉ុក្កែតជំនាន់ចុងក្រោយ Falcon 9 ជាមួយនិងជោគជ័យនៅតំណាក់កាលទី ១។ លទ្ធផលវិជ្ជមានបំផុតនេះ គឺនឹងជួយកាត់បន្ថយថ្លៃចំណាយ ទៅលើការប្រើប្រាស់គ្រាប់រ៉ុក្កែតក្នុងការបាញ់បង្ហោះយាន និងផ្កាយរណបកន្លងមក ហើយក៏ជាបើកទ្វារឲ្យមានការបាញ់បង្ហោះយានអវកាសបន្ថែម ដើម្បីស្រាវជ្រាវនៅទីអវកាសនាថ្ងៃអនាគតផងដែរ។ នេះបើតាមការចេញផ្សាយដោយ វែបសាយ The Hill នាល្ងាចថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

ការរីកធំធាត់នៃក្រុមហ៊ុន SpaceX និងវិស័យពាណិជ្ជកម្មអវកាសជារួម ក្នុងនោះមានទាំងកម្មវិធី Blue Origin របស់មហាសេដ្ឋីជាម្ចាស់ក្រុមហ៊ុន Amazon លោក Jeff Bezos ផងដែរនោះ ពិតជារូបភាពមិនសូវល្អប៉ុន្មានឡើយ សម្រាប់សារព័ត៌មានមួយចំនួន ដែលបានសរសេរអំពីការភ័យព្រួយ ចំពោះការប្រកួតប្រជែងផ្នែកឧស្សាហកម្មអវកាស ជាពិសេសគឺចំពោះកម្មវិធីអភិវឌ្ឍន៍នានារបស់អង្គការ NASA តែម្តង ដែលកាន់តែខ្សត់ប្រាក់ឧបត្ថម្ភ។

ជាក់ស្តែងកាសែតមួយដែលមានឈ្មោះថា Houston Chronicle ស្ថិតនៅក្នុងទឹកដីកំណើត នៃមជ្ឈមណ្ឌលហោះហើរអវកាស Johnson របស់អង្គការ NASA បានចេញផ្សាយនូវអត្ថបទមួយដោយសរសេរថា លោក Elon Musk កំពុងតែគំរាមកំហែង ដោយចង់ជំនួសតួនាទីរបស់អង្គការ NASA ដែលកាសែតនេះហៅថា «ជាកម្មវិធីអវកាសរបស់ប្រជាជន»។

ការចេញផ្សាយបានអត្ថាធិប្បាយយ៉ាងដូច្នេះថា «អង្គការ NASA ពេលនេះគឺកំពុងជួបគ្រោះទុរ្ភិក្ស មិនសំបូរសប្បាយដូចមុននោះឡើយ ហើយអ្នកនយោបាយនានា ក៏បានលើកឡើងផងដែរ អំពីនយោបាយទាញសហរដ្ឋអាមេរិក ឲ្យទៅស្រាវជ្រាវនៅឋានព្រះច័ន្ទវិញនោះ…។ វាច្បាស់លាស់ណាស់ថា ជំនួយមួយចំនួនត្រូវបានទម្លាក់ទៅដល់ SpaceX និងលោក Musk។ លុយទាំងនោះ គឺកំពុងជួយពង្រីកពាណិជ្ជកម្មរបស់ Musk បានយ៉ាងប្រសើរ និងជួយដល់មនុស្សជាតិតាមមធ្យោបាយផ្សេងៗ ប៉ុន្តែទីភ្នាក់ងារអវកាស NASA ខ្លួនឯងនេះ គឺបន្តនៅទ្រឹងយ៉ាងត្រដាបត្រដួស»។

កាសែតគាំទ្រ NASA ខាងលើបានសង្កត់ធ្ងន់ថា «ដូច្នេះលោក Musk ជា CEO ក្រុមហ៊ុន SpaceX មើលទៅដូចជាចង់ជួយដោះស្រាយបញ្ហាទាំងនេះ តាមរយៈការជួយធ្វើឲ្យថវិកាសាធារណៈសម្រាប់គំរោងទៅកាន់ទីអវកាសឆ្ងាយៗពីផែនដី មានស្ថិរភាព និងលុបចោលកម្មវិធីផលិតរ៉ុក្កែតនៅថ្ងៃអនាគតរបស់ NASA។ ដូច្នេះសរុបសេចក្តីមក SpaceX កំពុងតែបង្ហាញចេតនាយ៉ាងច្បាស់ នៅក្នុងការជំនួសតំណែង NASA…»។

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះក៏មានការចេញផ្សាយអត្ថបទតបទៅវិញផងដែរ ដោយអ្នកនិពន្ធចង់ប្រាប់ឲ្យមនុស្សមួយចំនួន កុំឲ្យមានការបារម្ភចំពោះភាពរីកចំរើននៃក្រុមហ៊ុន SpaceX ថាជាការគំរាមកំហែងដល់អង្គការ NASA ឬក៏នឹងជំនួសអង្គការ NASA នៅថ្ងៃអនាគតនោះ។ សហរដ្ឋអាមេរិកមានភាពវិសេសលើសគេ ទៅលើការប្រកួតប្រជែងប្រកបដោយគុណប្រយោជន៍ ក្នុងវិស័យអវកាស ដូច្នេះការកែប្រែផ្នែកអវកាសឲ្យចូលក្នុងវិស័យពាណិជ្ជកម្ម និងបន្តអភិវឌ្ឍន៍ទៅមុន ដោយគិតពីប្រយោជន៍រួមជាធំ មិនគួរត្រូវបានរារាំងដោយសារតែការភ័យខ្លាចនោះឡើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77