ប៊ុត ​សីហា​ អះអាង​ថា​ «បច្ចុប្បន្ន​លោក​បាន​កែ​ខ្លួន​ហើយ​ និង​អង្វរ​ទស្សនិក​ជន​ ​ឲ្យឈប់​ជេ​ទៀត​ទៅ» | BayKdang ប៊ុត ​សីហា​ អះអាង​ថា​ «បច្ចុប្បន្ន​លោក​បាន​កែ​ខ្លួន​ហើយ​ និង​អង្វរ​ទស្សនិក​ជន​ ​ឲ្យឈប់​ជេ​ទៀត​ទៅ» | BayKdang

ប៊ុត ​សីហា​ អះអាង​ថា​ «បច្ចុប្បន្ន​លោក​បាន​កែ​ខ្លួន​ហើយ​ និង​អង្វរ​ទស្សនិក​ជន​ ​ឲ្យឈប់​ជេ​ទៀត​ទៅ»

(ភ្នំពេញ)៖ ក្រោយជួបរឿងរ៉ាវអាស្រូវពាក់ព័ន្ធ នឹងគ្រឿងញៀន ធ្វើឲ្យល្បីសុះសាយពេញផ្ទៃប្រទេសរួចមក ម្ចាស់ពាន «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា បានចេញមុខអះអាងថា រាល់ថ្ងៃនេះ រូបលោកបានកែប្រែខ្លួនហើយ ដោយព្យាយាមធ្វើខ្លួនឲ្យល្អ ដើរលើវិថីសិល្បៈវិញ ខណៈទស្សនិកជនភាគច្រើននៅតែបន្តគាំទ្រ ព្រោះលោកចេះកែកំហុស។ ងាកមកមជ្ឈដ្ឋានខាងក្រៅវិញ ប៊ុត សីហា នៅតែទទួលរងខ្យល់ព្យុះបោកបក់រិះគន់ ពីមហាជនមួយចំនួន ទោះបីសាម៉ីខ្លួនព្យាយាមធ្វើនូវអំពើល្អ ដើម្បីលាងកំហុស ដែលខ្លួនបានធ្វើខុសក៏ដោយ ខណៈថ្មីៗនេះ ដល់ថ្នាក់លោកបង្ហោះសារអង្វរអ្នកដែលជេរខ្លួន ឲ្យបញ្ឈប់ការជេរដៀលលោកតទៅទៀត ព្រោះពេលនេះលោកបានកែខ្លួនហើយ។

លោក ប៊ុត សីហា បានបន្តបង្ហាញនូវជនមួយចំនួន ដែលតែងតាមចងពៀររូបលោក ដោយបានសរសេរលើគណនីហ្វេសប៊ុកថា «អានទាំងអស់គ្នា ហើយស៊ែរផងណា ឲ្យគាត់បញ្ឈប់ទៅ ខ្ញុំមិនចង់ផុស មិនចង់តបឆាត មិនចង់បើកឆាតមើល មិនដែលលេងឆាត គឺបែបនិងហើយ។ ខ្ញុំមិនបានធ្វើអីដល់បងៗទេ ហើយខ្ញុំក៏មិនដែលបំផ្លាញបងៗដែរ។ សូមអង្វរអ្នកបងឈប់ជេរទៅណា។ ខ្ញុំខុសមែន តែខ្ញុំមិនបានបំផ្លាញគ្រួសារបងៗទេ។ អរគុណដែលដៀលចំៗ។ តែបងៗមើលថែកូនចៅពូជសណ្តានបង ឲ្យល្អទៅណា ខ្ញុំវាអាក្រក់ទៅហើយ (សូមទោសណាពុកម៉ែបងប្អូន ខ្ញុំសឹងទ្រាំលែងបានហើយ) រហូតពេក»។

ឆ្លើយតបនឹងកំហឹងរបស់លោក ប៊ុត សីហា នាពេលនេះ ក៏មានអ្នកគាំទ្រម្នាក់បានលើកឡើង បែបលើកទឹកចិត្តដល់លោកថា «ពេលគេមានរឿងមិនល្អម្នាក់ៗស៊ែនោះស៊ែ ដល់ពេលគេធ្វើល្អ បែរជាមកជេរទៅវិញ។ កុំទៅខ្វល់នឹងមនុស្សបែបនឹងអីបងសីហា»។

គួរបញ្ជាក់ថា លោក ប៊ុត សីហា បច្ចុប្បន្នកំពុងតែព្យាយាម មកសាងឈ្មោះក្នុងសង្គម ដោយកំពុងសំងំធ្វើ MV ចម្រៀងថ្មីៗ សម្រាប់កំដរអារម្មណ៍ទស្សនិកជន ដែលគាំទ្រលោក ខណៈមុខមាត់របស់លោក ហាក់ងើបឡើងជាបណ្តើរៗហើយ ក្នុងពិភពសិល្បៈ។ ចំណែកឯការងារសង្គមជួយកុមារខ្វះខាតវិញ ក៏មានលេចមុខលោក ប៊ុត សីហា ផងដែរ ហើយទង្វើរនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន កោតសរសើរលោក៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77