សហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន​ត្រូវតែ​ប្រាកដ​​ច្បាស់​​ថា «អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​លុប​បំបាត់​ទាំង​​ស្រុង និង​គ្មាន​ថ្ងៃវិល​​មក​វិញ» | BayKdang សហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន​ត្រូវតែ​ប្រាកដ​​ច្បាស់​​ថា «អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​លុប​បំបាត់​ទាំង​​ស្រុង និង​គ្មាន​ថ្ងៃវិល​​មក​វិញ» | BayKdang

សហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន​ត្រូវតែ​ប្រាកដ​​ច្បាស់​​ថា «អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​លុប​បំបាត់​ទាំង​​ស្រុង និង​គ្មាន​ថ្ងៃវិល​​មក​វិញ»

(សេអ៊ូល)៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅថ្ងៃព្រហស្បតិ៍នេះ​បានអះអាងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានឯកភាព​បន្តកិច្ចខិតខំប្រឹងប្រែង​របស់ខ្លួន ក្នុងការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង ជាក់ច្បាស់ និងមិនត្រឡប់​មកវិញ​សាជាថ្មី ឬហៅថា (CVID)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។

លោក ប៉ុមប៉េអូ ធ្វើការកត់​សម្គាល់​បែបនេះ នៅអំឡុង​ធ្វើសន្និសីទសារព័ត៌មាន​ តាមកញ្ចក់ទូរទស្សន៍​ក្នុងទីក្រុង​សេអ៊ូល បន្ទាប់ពី​ជំនួប ជាមួយ​សមភាគី​ជប៉ុន និង​កូរ៉េខាងត្បូង​​របស់​លោក។ លើសពី​នេះ​ទៅទៀត ថ្លែងនាឱកាស​រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ ក៏បាន​បញ្ជាក់ជាថ្មីឡើងវិញ​ដែរថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន​ នៅតែរក្សា​ជំហរ​ដដែលនោះ គឺគ្មានឡើយការដក ឬបន្ធូរបន្ថយ ទណ្ឌកម្មប្រឆាំង​នឹង​កូរ៉េខាងជើង រហូត​ទាល់តែទីក្រុងព្យុងយ៉ាង ​រំសាយអាវុធនុយក្លេអ៊ែរ​ចោល​ទាំងស្រុង​ជាមុនសិន។

គួរជម្រាបថា បើតាមស្ថានីយ​ទូរទស្សន៍រដ្ឋ​កូរ៉េខាងជើង KCNA នៅក្នុងជំនួប​​ជាមួយ​លោក គីម នៅក្នុងប្រទេសសិង្ហបុរី​កាលពីថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានយល់​ព្រមដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពីកូរ៉េខាងជើង ជាមួយការ​ធានា​សន្ដិសុខ ជាថ្នូរ នឹងការលុប​បំបាត់អាវុធនុយក្លេអ៊ែរ​ ចេញពីឧបទ្វីប​កូរ៉េ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77