​​រុស្ស៊ី​ កំពុង​​ផលិត​កាំភ្លើង​​​ឡាស៊ែរ ​ដើម្បី​​បាញ់​​​កម្ទេច​​សំរាម​​នៅ​ទីអវកាស | BayKdang ​​រុស្ស៊ី​ កំពុង​​ផលិត​កាំភ្លើង​​​ឡាស៊ែរ ​ដើម្បី​​បាញ់​​​កម្ទេច​​សំរាម​​នៅ​ទីអវកាស | BayKdang

​​រុស្ស៊ី​ កំពុង​​ផលិត​កាំភ្លើង​​​ឡាស៊ែរ ​ដើម្បី​​បាញ់​​​កម្ទេច​​សំរាម​​នៅ​ទីអវកាស

(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសរុស្ស៊ី ត្រូវគេរាយការណ៍ថា កំពុងធ្វើការអភិវឌ្ឍប្រព័ន្ធកាំភ្លើងឡាស៊ែរថ្មីមួយ ដែលមានសមត្ថភាពបាញ់កម្ទេចសំរាមទីអវកាសនានា ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។

កាំភ្លើងឡាស៊ែរដ៏មានឥទ្ធិពលនេះ នឹងត្រូវបំពាក់ទៅលើតេឡេស្កូបអុបទិចមួយ ដែលមានមុខកាត់ ០៣ម៉ែត្រ និងត្រូវបានរចនាឡើង ដើម្បីអង្កេតផ្កាយរណប និងសំរាមនានានៅទីអវកាស។ ឧបករណ៍កម្ទេចសំរាមអវកាសនេះ នឹងធ្វើការកម្ចាត់កម្ទេចកម្ទីរនៅទីអវកាស តាមរយៈការបាញ់ទម្លុះរាល់សំរាមនីមួយៗ ជាមួយកាំរស្មីឡាស៊ែររបស់វា រហូតទាល់តែវត្ថុនោះរលាយគ្មានសល់អ្វី ដោយថាមពលកម្តៅ។

បច្ចេកវិទ្យាថ្មីនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមអ្នកស្រាវជ្រាវ នៅឯសហគ្រាសផ្នែកវិទ្យាសាស្រ្តមួយកន្លែង ដែលនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos។

គួរជម្រាបថា បើតាមការព្យាករណ៍របស់ NASA កាលពីប៉ុន្មានឆ្នាំមុន សំរាមអវកាសជាង ៥០០,០០០បំណែក រួមមានទំហំតូច និងធំបាននៅគោចរជុំវិញផែនដីរួចស្រេចទៅហើយ ដោយពួកវាធ្វើដំណើរក្នុងល្បឿនរហូតដល់ ១៧,០០០ម៉ែត្រក្នុងមួយម៉ោង ដែលល្បឿននេះគឺលឿនគ្រប់គ្រាន់អាចឲ្យបំណែកដែលតូចមួយ អាចបង្កការខូចខាតដល់ផ្កាយរណប ឬយានអវកាសផ្សេងៗបាន។

ម៉្យាងវិញទៀត ការកើនឡើងនៃសំរាមអវកាស ក៏បានធ្វើឲ្យហានិភ័យនៃគ្រោះថ្នាក់កាន់តែខ្ពស់ផងដែរ ចំពោះរាល់យានអវកាស ជាពិសេសនោះគឺស្ថានីយអវកាសអន្តរជាតិ ដែលស្ថិតនៅកម្ពស់ប្រមាណ ៤០០គីឡូម៉ែត្រពីផែនដី ព្រមទាំងយានដឹកទំនិញ និងយានដទៃៗទៀត ដែលមានផ្ទុកមនុស្សនៅលើនោះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77