តើ​ទ្វីប​​​អង់តាក់ទិក នៅ​ប៉ូល​ខាង​​ត្បូង​​ផែនដី ជា​​កម្មសិទ្ធិ​របស់​​ប្រទេស​​ណា? | BayKdang តើ​ទ្វីប​​​អង់តាក់ទិក នៅ​ប៉ូល​ខាង​​ត្បូង​​ផែនដី ជា​​កម្មសិទ្ធិ​របស់​​ប្រទេស​​ណា? | BayKdang

តើ​ទ្វីប​​​អង់តាក់ទិក នៅ​ប៉ូល​ខាង​​ត្បូង​​ផែនដី ជា​​កម្មសិទ្ធិ​របស់​​ប្រទេស​​ណា?

(បរទេស)៖ វាខុសពីមហាសមុទ្រទឹកកកអាក់ទិក ដែលស្ថិតនៅប៉ូលខាងជើងនៃភពផែនដី ដែលមានមហាអំណាចធំៗ កំពុងតែបញ្ចេញឥទ្ធិពល ដោយទ្វីបអង់តាក់ទិកគឺជាផ្ទៃទ្វីបថ្ម ឬដី ដែលគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយផ្ទាំងទឹកកក និងជាទីកន្លែងត្រជាក់ជាងគេបំផុតនៅលើផ្ទៃផែនដី នោះមិនមានប្រទេសណាអាចមានសិទ្ធិទាំងស្រុង លើវាបានឡើយ។ នេះបើតាមការដកស្រង់ពីវែបសាយ Antarctica អូស្ត្រាលី នៅថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

បើតាមច្បាប់អន្តរជាតិ ទ្វីបអង់តាក់ទិកមិនត្រូវទទួលរងការគ្រប់គ្រងដោយប្រទេសណាមួយនោះឡើយ ប៉ុន្តែនៅក្នុងសន្ធិសញ្ញាមួយកាលពីឆ្នាំ១៩៥៩ ដែលមានប្រទេសចំនួន ៤៥ ជាម្ចាស់ហត្ថលេខី ទ្វីបនេះបើកទ្វារសម្រាប់ប្រទេសនានា ចូលមកធ្វើការស្រាវជ្រាវ និងអភិរក្សតាមបែបវិទ្យាសាស្ត្រ ហើយវាក៏ជាការផ្អាកនូវការអះអាងកម្មសិទ្ធិពីសំណាងប្រទេសចំនួន ០៧ នៅលើទ្វីបនេះកាលពីមុនដូចជា អាហ្សង់ទីន, អូស្ត្រាលី, ឈីលី, បារាំង, នូវែលសេឡង់ និងចក្រភពអង់គ្លេសផងដែរ។

ដូច្នេះវាមានន័យថា ប្រសិនបើប្រទេសណាមួយមានចំណាប់អារម្មណ៍ ឬលទ្ធភាពនៅក្នុងការមកធ្វើទស្សនកិច្ច និងបោះមូលដ្ឋានសិក្សាស្រាវជ្រាវនៅលើភពនេះ ពួកគេអាចសុំសិទ្ធិពីអង្គការអន្តរជាតិដែលពាក់ព័ន្ធបាន ដូចជាកាលពីប៉ុន្មានខែមុននេះ ប្រទេសតួកគីបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទៅសិក្សាស្រាវជ្រាវ នៅទ្វីបទឹកកកនេះជាដើម។

បន្ថែមពីនេះប្រសិនបើប្រទេស ឬក្រុមហ៊ុនណាមួយ ចង់ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទ្វីបនោះ ក្នុងន័យស្រាវជ្រាវ ឬកម្សាន្ត (ត្រូវមាននាវាបំបែកទឹកកក) ពួកគេក៏មិនចាំបាច់ត្រូវសុំសិទ្ធិ ឬទិដ្ឋាកាពីប្រទេសណាមួយនោះដែរ ប៉ុន្តែក្នុងករណីពួកឈប់សំចតនៅប្រទេសណាមួយ នៅតាមផ្លូវទៅកាន់ទីនោះ ពិតប្រាកដណាស់ពួកគេប្រាកដជាត្រូវការការបំពេញបែបបទនានា ទៅតាមច្បាប់របស់ប្រទេសទាំងនោះ។

គួរបញ្ជាក់ថា ទ្វីបអង់តាក់ទិក គឺស្ថិតនៅចំប៉ូលខាងត្បូង នៃភពផែនដីនេះតែម្តង ដោយផ្ទៃដី ឬថ្ម ៩៨ភាគរយរបស់វា កំពុងគ្របដណ្តប់ដោយទឹកកក ដែលមានកម្រាស់យ៉ាងក្រាសរហូតដល់ ១.៦គីឡូម៉ែត្រ ឬក៏ ២គីឡូម៉ែត្រក៏មាន។ វាជាកន្លែងប្រមូលផ្តុំទឹកកក ៩០ភាគរយ នៃទឹកកកទាំងអស់លើផែនដី និងទឹកសាបរហូតដល់ទៅ ៧០ភាគរយឯណោះ ដែលពិតជាចំនួនដ៏ច្រើនខ្លាំងណាស់។

អ្វីដែលគួរឲ្យព្រឺក្បាលបន្ថែមទៀតនោះ ប្រសិនបើទ្វីបនេះរលាយទឹកកកទាំងអស់ នោះនីវូទឹកសមុទ្រលើផែនដី នឹងកើនឡើងរហូតដល់ទៅ ៦០ម៉ែត្របន្ថែមទៀត។ បើគិតពីផ្ទៃរបស់ទ្វីបនេះវិញ គឺរហូតដល់ទៅ ១៤លានគីឡូម៉ែត្រក្រឡា (ផ្សំឡើងពីថ្មបុរាណ ឬថ្មកែវភាគច្រើន) ដែលជិតស្មើនឹងទំហំប្រទេសអូស្ត្រាលី និងប្រេស៊ីលបូកបញ្ចូលគ្នា។ សម្រាប់ប្រជាជនដែលរស់នៅលើទ្វីបនេះ (អ្នកស្រាវជ្រាវ) មានប្រហែលជាជាង ១,០០០នាក់ប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77