តោះ! មកស្គាល់ «​ប៉ឹង» ដែលជាសម្លៀកបំពាក់ ពេញនិយមសម្រាប់បុរស នៅសម័យអង្គរ | BayKdang តោះ! មកស្គាល់ «​ប៉ឹង» ដែលជាសម្លៀកបំពាក់ ពេញនិយមសម្រាប់បុរស នៅសម័យអង្គរ | BayKdang

តោះ! មកស្គាល់ «​ប៉ឹង» ដែលជាសម្លៀកបំពាក់ ពេញនិយមសម្រាប់បុរស នៅសម័យអង្គរ

«​ប៉ឹង​» គឺជា​សម្លៀកបំពាក់​ប្រពៃណី​មួយបែប មិន​ថា​ស្ដេច ឬ​ប្រជារាស្ដ្រ​ធម្មតា​ទេ តែងតែ​និយម​ស្លៀកពាក់​សម្លៀក​បំពាក់​នេះ តាំងតែ​ពី​សម័យ​បុរេ​ប្រវតិ្ដសាស្ដ្រ​ម្ល៉េះ ដែល​ជា​សមិទ្ធផល​របស់​ជនជាតិ​ខ្មែរសុ​ទ្ធសា​ធ​។​

​បច្ចុប្បន្ននេះ ទោះបីជា​សម្លៀក​បំពាក់​ប៉ឹង​នេះ​ត្រូវ​បានរ​លាប​សាប​សូន្យ លែង​សូវ​មាន​ការនិយម​រាប់អាន​ពី​សំណាក់​មនុស្ស​ក្នុង សម័យ​ជឿនលឿន​ហើយ​ក៏​ដោយ គេ​នៅតែ​សង្កេតឃើញ​មាន​បងប្អូន​ខ្មែរលើ​យើង​ខ្លះ ដូចជា​នៅ​ខេត្ដ​មណ្ឌលគិរី និង​រតនគិរី នៅ​និយម​ស្លៀក​ប៉ឹង​នេះ​នៅឡើយ​ដែរ​។​

​ការ​ដែល​បងប្អូន​ខ្មែរលើ​នៅ​តំបន់​ភូមិភាគ​ឦសាន​នៅតែ​និយម​ប្រើប្រាស់​ប៉ឹង​នេះ​នៅឡើយ ធ្វើឱ្យ​គេ​នឹកឃើញ​នូវ​សម័យ​វប្បធម៌​ក្លឹង្គ​។ ព្រោះថា ថ្វី​ត្បិត​តែ​ខ្មែរ​បាន​ទទួល​វប្បធម៌ អារ្យធម៌​ក្លិង្គ ដែល​ជា​ប្រភព​នៃ​ភាពរុងរឿង កប់​កំពូល​ក៏ដោយ ជនជាតិ​ខ្មែរ​ពុំបាន​លះបង់​ចោល​នូវ​លក្ខណៈ​វប្បធម៌​ដើម​មួយ​ចំនួន ដែល​សតិអារម្មណ៍​ប្រពៃណី​ជាតិ​ដាក់​តម្លៃ ឬ​ចាត់ទុកថា​ជា​ទំនៀមទម្លាប់​ល្អ​របស់​ខ្លួន​។​

ត្រង់​នេះហើយ ដែល​អ្នកស្រាវជ្រាវ​បាន​ខិតខំ​បង្ហាញ គឺ​ប្រពៃណី «​ប៉ឹង​បុរស​» ដែល​សង្គម​ខ្មែរ​ទាំងមូល​នា​សម័យ​អង្គរ​បាន និយម​ប្រើប្រាស់ មិន​ថា​ត្រកូល​ក្សត្រ ឬ​រាស្ដ្រ​នោះឡើយ ដើម្បី​ឆ្លុះបញ្ចាំង​នូវ​និរន្ដរភាព​របស់​ជនជាតិ​ខ្មែរ​យើង​តាំងពី​សម័យ មហា​នគរ​។​

​មាន​ភស្តុតាង​មួយចំនួន ដែល​អ្នកស្រាវជ្រាវ​បាន​លើកយក​មក​បង្ហាញ​ពី​ភាពចំណាស់​របស់​ប្រពៃណី​ខ្មែរ​ស្លៀក​ប៉ឹង​។ ប្រសិនបើ​យើង​ទៅ​ទស្សនា​នៅ​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបាយ័ន យើង​នឹង​ឃើញ​នូវ​រូបភាព​ដែល​ស្មាន​មិន​ដល់ គឺ​ព្រះបាទ​ជ័យ​វ័រ្មន​ទី​៧ ដែល​ជា​ព្រះមហាក្សត្រ​ដ៏​ខ្លាំង​កប់​កំពូល បាន​កសាង​ប្រាសាទបុរាណ​រាប់រយ​ក្នុង​អតីត​មហានគរ​ខ្មែរ និង​ជា​ស្ដេច​សឹក​ក៏​បាន​ស្លៀក​«​ប៉ឹង​»​ដូចជា​ប្រជារាស្ដ្រ​ខ្មែរ​ទូទៅ​ដែរ​។ នេះហើយ ដែល​សបញ្ជាក់​ឱ្យឃើញ​ថា ទោះបី​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ឥណ្ឌា​បាន​បោកបក់​មក​លើ​សង្គម​ខ្មែរ​ជំនាន់​នោះ​ក្ដី ក៏​មិន​អាច​លុបបំបាត់​នូវ​ប្រពៃណី​ស្លៀក​ប៉ឹង ដែល​ជា​សមិទ្ធផល​របស់​សង្គម​ខ្មែរ​សុទ្ធសាធ​បានដែរ​។ រួម​សេចក្ដី​មក គឺ​ព្រះមហាក្សត្រ និង​ប្រជារាស្ដ្រ​ខ្មែរ​ជា​អ្នក​ឱ្យ​តម្លៃ យ៉ាង​ខ្ពស់​នូវ​សម្លៀកបំពាក់​ខាងលើនេះ​។​

​ប្រពៃណី​ស្លៀក​ប៉ឹង​នេះ បាន​កើតមានឡើង​តាំងពី​សម័យ​វប្បធម៌​ថ្ម​រំលីង​មកម្ល៉េះ​។ «​ដំបូង​យើង​បាន​សង្ស័យ​ថា វា​បាន​កើតចេញ ពី​ខឿនវប្បធម៌​នា​សម័យ​បុរេ​ប្រវតិ្ដសាស្ដ្រ ប៉ុន្ដែ​ឥឡូវ​យើង​មិន​ច្រឡំ​ទេ វា​ពិតជា​ដូច្នេះ​មែន ព្រោះ​យើង​បាន​ជួបប្រទះ​នូវ​គំនូរ​បុរាណ​លើ​ជញ្ជាំង​ថ្ម​ជាច្រើន​ផ្ទាំង ព្រម​ជាមួយ​នឹង​វត្ថុ​សិល្បៈ​»​។​

ប្រៀបធៀប​ចម្លាក់​បុរាណ​នា​សម័យ​អង្គរ​ទៅ​នឹង​សម័យ​នគរ​ភ្នំ គេ​នឹង​ឃើញ​ទេវតា​នា​សម័យ​នគរ​ភ្នំ ដូច​ជា​ព្រះ​នារាយណ៍​នៅ ប្រាសាទ​ស្រី​ទេព​(​ប្រទេស​ថៃ​បច្ចុប្បន្ន​) និង​ព្រះ​នារាយណ៍​នៅ​អង្គរ​បុរី​(​តាកែវ​) ដែល​ជា​មរតក​វប្បធម៌​ខ្មែរ​នៅតែ​ស្លៀកពាក់​ប៉ឹង ថ្វីបើ​មាន​ស្ដួចស្ដើង​ណាស់​ក៏ដោយ​។​

​សរុបសេចក្ដី​មក ការនិយម​ប៉ឹង ដោយ​ព្រះមហាក្សត្រ​ខ្មែរ ដូចជា​ប្រជារាស្ដ្រ​នា​សម័យអង្គរ ពុំមែន​មានន័យថា ជនជាតិ​ខ្មែរ​មិន​ចេះ​ប្រើ​សំពត់ ឬ​សារុង​ចរបាប់​ធ្វើ​អំពី​សូត្រ​ដែល​មាន​ពណ៌​ចម្រុះ​នោះ​ទេ​។ តាមពិត គេ​ប្រើ​នៅក្នុង​ពិធី​បុណ្យទាន​ធំៗ ដែល​នៅពេល​ធ្វើដំណើរ ឬ​ទៅ​សឹក​សង្គ្រាម​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ធម្មតា​ឡើយ​។ ការប្រើ​ប៉ឹង​ខាងលើនេះ គឺជា​ភស្ដុតាង​បង្ហាញ​នូវ​លក្ខណៈ​ខ្មែរ​សុទ្ធសាធ​នៃ​សម្លៀកបំពាក់​ខ្មែរ​ដែល​បាន​ត​ពី​ប្រពៃណី​ខ្មែរលើ ឬ​ខ្មែរ​ដើម​តែ​ប៉ុណ្ណោះ​៕​

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77