ចិន បានអំពាវនាវឲ្យចាប់សត្វល្អិត មួយប្រភេទ ដែលអាចបង្ក "ជំងឺអេដស៍ប្រភេទថ្មី" | BayKdang ចិន បានអំពាវនាវឲ្យចាប់សត្វល្អិត មួយប្រភេទ ដែលអាចបង្ក "ជំងឺអេដស៍ប្រភេទថ្មី" | BayKdang

ចិន បានអំពាវនាវឲ្យចាប់សត្វល្អិត មួយប្រភេទ ដែលអាចបង្ក “ជំងឺអេដស៍ប្រភេទថ្មី”

កាល​ពី​ពេល​ថ្មីៗ​នេះ មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង​ក្នុង​ខេត្ត Guangdong បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្ត​មួយ​នេះ ចាប់​សត្វ​មួយ​ប្រភេទ​ដែល​អាច​បង្ក “ជំងឺ​អេដស៍​ប្រភេទ​ថ្មី”។

សត្វ​ល្អិត​មាន​ឈ្មោះ​ថា The Triatomine Bug ប៉ុន្តែ​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សត្វ​ល្អិត​ពូកែ​ថើប (The Kissing Bug) ដោយ​សារ​តែ​សត្វ​ប្រភេទ​នេះ​ភាគ​ច្រើន​ខាំ​លើ​ផ្ទៃ​មុខ​របស់​មនុស្ស។ សត្វ​ល្អិត​ផ្ទុក​ជាតិ Trypanosoma Cruzi ដែល​អាច​បង្ក​ជំងឺ​ម្យ៉ាង​ឈ្មោះ ជំងឺ Chagas។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មជ្ឈមណ្ឌល​ខាង​លើកាលពីម្សិលមិញ។

ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ អ្នក​ឆ្លង​ជំងឺ Chagas មាន​អាការៈ​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ល្ហិតល្ហៃ ឈឺ​ខ្លួន ឈឺ​ក្បាល និង​កន្ទួល​ជា​ដើម។ ជំងឺ​នេះ នឹង​បន្ត​រាប់​ទសវត្ស​ទៅ​មុខ​ទៀត ហើយ​ចុង​ក្រោយ​វា​អាច​បណ្ដាល​អ្នក​ជំងឺ​មាន​បញ្ហា​បេះ​ដូង និង​បញ្ហា​ពោះវៀន​តូច។

មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ហៅ​ជំងឺ Chagas ថា​ជា​ “ជំងឺ​អេដស៍​ប្រភេទ​ថ្មី” គឺ​ដោយ​សារ​ជំងឺ​ទាំង​ពីរ​មាន​អាយុ​យូរអង្វែង ហើយ​អាច​ឆ្លង​តាម​ឈាម​ និង​ឆ្លង​ពី​ម្ដាយ​ទៅ​ទារក​ដូច​គ្នា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង​ក្នុង​ខេត្ត Guangdong បាន​ធ្វើ​ការ​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្ត​ចិន​មួយ​នេះ ចាប់​សត្វ​ល្អិត The Kissing Bug ហើយ​រាយការណ៍​មក​មជ្ឈមណ្ឌល​ជា​បន្ទាន់។ នៅ​ពេល​ដែល​មជ្ឈមណ្ឌល​អាច​បញ្ជាក់​ថា សត្វ​ដែល​ពលរដ្ឋ​យក​មក​នោះ ពិត​ជា The Kissing Bug មែន ពួក​គេ​នឹង​ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់ ៨ Yuan (១,២ ដុល្លារ​សហរដ្ឋអាមេរិក) ក្នុងសត្វល្អិតមួយក្បាល ហើយ​បាន​ការ​ប្រឹក្សា​សុខភាព​ដោយ​ឥត​គិត​ថ្លៃ។

ការ​អំពាវនាវ​ខាង​លើ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ជា​ច្រើន​ក្នុង​ខេត្ត​ Guangdong។ បើ​តាម​ការ​រាយការណ៍​របស់​កាសែត The Guangdong Daily កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា មនុស្សជាច្រើនបាន​ទូរស័ព្ទ​មក​មជ្ឈមណ្ឌល​។ មាន​ពលរដ្ឋ​ម្នាក់ ថែម​ទាំង​បាន​ស្នើ​មជ្ឈមណ្ឌល​ឲ្យ​ចាត់​មនុស្ស​ ដើម្បី​ទៅ​ចាប់​សត្វ​ល្អិត The Kissing Bug ពី​ផ្ទះ​យាយ​របស់​គេ​នៅ​ Hong Kong។

យ៉ាង​នេះ​ក្ដី​ បើ​តាម​មជ្ឈមណ្ឌល​ខាង​លើ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មានសេចក្ដី​រាយការណ៍​ណា ថា​មាន ករណី​ជំងឺ Chagas នៅ​ខេត្ត​ Guangdong ឡើយ ហើយ​ថែម​ទាំង​បាន​លើក​ឡើង​ថា ការ​អំពាវនាវ​ឲ្យ​ចាប់​សត្វ​ល្អិត The Kissing Bug គឺ​ដើម្បី​យក​សត្វ​មក​ពិនិត្យ​ថា តើ​សត្វ​នេះ​មាន​ផ្ទុក​វីរុស​ឬ​អត់​ប៉ុណ្ណោះ៕

អត្ថបទដោយ៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77