អាជ្ញាធរ​ជប៉ុន៖ ចំនួនមនុស្ស​ស្លាប់កើន​យ៉ាងគំហុក​ដល់ ១៣០នាក់ និង ៦៣នាក់បាត់ខ្លួន ក្នុងគ្រោះ​មហន្តរាយទឹកជំនន់​ដ៏មហា​ប្រល័យ! | BayKdang អាជ្ញាធរ​ជប៉ុន៖ ចំនួនមនុស្ស​ស្លាប់កើន​យ៉ាងគំហុក​ដល់ ១៣០នាក់ និង ៦៣នាក់បាត់ខ្លួន ក្នុងគ្រោះ​មហន្តរាយទឹកជំនន់​ដ៏មហា​ប្រល័យ! | BayKdang

អាជ្ញាធរ​ជប៉ុន៖ ចំនួនមនុស្ស​ស្លាប់កើន​យ៉ាងគំហុក​ដល់ ១៣០នាក់ និង ៦៣នាក់បាត់ខ្លួន ក្នុងគ្រោះ​មហន្តរាយទឹកជំនន់​ដ៏មហា​ប្រល័យ!

(តូក្យូ)៖ ចំនួនមនុស្ស​ស្លាប់ដោយ​បំណាក់​ដី និងគ្រោះ​ទឹកជំនន់ ដែលបង្ក​ឡើងដោយ​ភ្លៀងធ្លាក់​​ជោគជាំ នៅតាម​តំបន់​ភាគខាងលិច​​​ប្រទេស​ជប៉ុន បានកើនដល់ ១៣០នាក់​ហើយ ខណៈក្រុម​អ្នកជួយសង្រ្គោះ​ កំពុងពន្លឿនប្រតិបត្តិការ​ស្វែងរកមនុស្ស​បាត់ខ្លួន ៦៣នាក់ ផ្សេងទៀត​នៅព្រឹក​ថ្ងៃអង្គារនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​​ដ៏ធ្ងន់ធ្ងរមួយនេះ ប្រតិបត្តិការ​រុករក និងជួយសង្រ្គោះ បាននិងកំពុង​​បន្តប្រព្រឹត្តទៅ​យ៉ាងសកម្មជា​ទីបំផុត​ នៅតាមតំបន់​រង​គ្រោះធ្ងន់ខ្លាំង​ដូចជា​ខេត្តហ៊ីរ៉ូស៊ីម៉ា ដែលមានមនុស្ស​ច្រើនជាង ៤០នាក់​បាត់បង់ជីវិត ព្រមទាំងតំបន់​មួយចំនួន ទៀតរួមមាន​​ខេត្ត​ អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា, ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ, កូជី និងសាហ្គា។

បន្ថែមពី​លើនេះ មនុស្សជា​ច្រើននាក់ ក៏ត្រូវបានគេជឿជាក់​ផងដែរថា កំពុងនៅជាប់​គាំងក្នុងផ្ទះរបស់ពួកគេ​ ដោយសារតែ​ផ្លូវថ្នល់ត្រូវ​បានកាត់ផ្តាច់ និង​ជន់លិច ខណៈសេចក្តី​បង្គាប់ឲ្យ​ជម្លៀសខ្លួន ត្រូវ​ដាក់ចេញ​សម្រាប់ប្រជាជន​ជប៉ុនជិត ០៦លាននាក់ទៀត នៅតាម​ខេត្តចំនួន ​១៩។

ដោយឡែក​អាជ្ញាធរជប៉ុនមិនទាន់​វាយតម្លៃ អំពីការខូតខាត​ទំហំសេដ្ឋកិច្ច​នៅ​ឡើយទេ តែបានឱ្យដឹងថា វាការបំផិ្លចបំផ្លាញ​ដោយគ្រោះធម្មជាតិ ដ៏អាក្រក់នេះ​មានសភាព​ធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនី​ប្រើប្រាស់ និងរាប់សិបខ្នង ទៀតគ្មាន​ទឹកស្អាត​ប្រើប្រាស់។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែ​គ្រោះធម្មជាតិនេះ​លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោល​ដំណើរទស្សនកិច្ច​ទៅកាន់ប្រទេស​ ប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយ​គ្រោងនឹងធ្វើ​ឡើងនៅថ្ងៃពុធ​ស្អែក​នេះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77