ស៊ិន សុធារិទ្ធិ ឈ្នះ​ពាន «តារា​លេច​ធ្លោ ផ្នែក​រំលេច​ឈុត​កម្រ ក្នុង​សម័យ​បុរាណ»​ ពេល​គ្រង​​ឈុត «កង​ទាហាន​សម័យ​អង្គរ» | BayKdang ស៊ិន សុធារិទ្ធិ ឈ្នះ​ពាន «តារា​លេច​ធ្លោ ផ្នែក​រំលេច​ឈុត​កម្រ ក្នុង​សម័យ​បុរាណ»​ ពេល​គ្រង​​ឈុត «កង​ទាហាន​សម័យ​អង្គរ» | BayKdang

ស៊ិន សុធារិទ្ធិ ឈ្នះ​ពាន «តារា​លេច​ធ្លោ ផ្នែក​រំលេច​ឈុត​កម្រ ក្នុង​សម័យ​បុរាណ»​ ពេល​គ្រង​​ឈុត «កង​ទាហាន​សម័យ​អង្គរ»

(ភ្នំពេញ)៖ ពិតជារឿងមួយ ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ខណៈនៅក្នុងកម្មវិធីខួប ២ឆ្នាំរបស់ «គ្រួសារតារាកម្ពុជា» មានព្រឹត្តិការណ៍ជាច្រើន ដូចជា ការប្រគល់ពានដល់តារាឆ្នើមៗ ដែលតែងតែចូលរួមធ្វើការងារសង្គម និងមានការប្រឡង បង្ហាញសម្លៀកបំពាក់បុរណ ដើម្បីឈ្នះពានតារាគ្រងឈុតបុរាណស័ក្តិសមជាងគេ និងត្រូវសម័យកាលទៀតផង។ ខណៈលោក ស៊ិន សុធារិទ្ធិ បានឈ្នះពាន «តារាលេចធ្លោ ផ្នែករំលេចឈុតកម្រ ក្នុងសម័យបុរាណ» ពេលលោកគ្រងឈុត «កងទាហានសម័យអង្គរ» ខណៈផ្នែកនារី បានទៅលើ កញ្ញា ប៊េប៊ី។

កម្មវិធីនេះ ត្រូវបានគេដឹងថា មានការស្លៀកសម្លៀកបំពាក់បុរាណ ពីសំណាក់សិល្បករ-សិល្បការិនីជាច្រើនរូប ដើម្បីបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ គ្រប់សម័យកាល ហើយក៏មានឈុតបុរាណមួយចំនួន លាយឡំនឹងសម័យដែរ ដែលជាការច្នៃប្រឌិតថ្មី ដើម្បីជាភាពទាក់ទាញផងនោះ។ តួយ៉ាងវត្តមានតារាសម្ដែងសម្បុរស្រអែម និងជាតួឯកក្នុងរឿង «អំណាចទឹកប្រាក់» គឺ លោក ស៊ិន សុធារិទ្ធិ បានបង្ហាញឈុតមួយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីគណៈកម្មការ ក៏ដូចជាភ្ញៀវកិត្តិយស ដែលចូលរួម គឺឈុតដែលមានឈ្មោះថា «កងទាហានក្នុងសម័យអង្គរ» ខណៈឈុតនេះបានបង្ហាញពីភាពស្រស់សង្ហារ អង់អាចក្លាហាន រឹងមាំនិងទាក់ទាញ។

ដោយឡែក សម្រាប់តារាសម្តែងស្រី និងជាពិធីការិនី កញ្ញា ប៊េប៊ី វិញ គឺបានឈ្នះពាន «តារាលេចធ្លោ ផ្នែកគ្រងឈុតបុរាណស័ក្តិសម» ផ្នែកនារី ដែលការគ្រងសម្លៀកបំពាក់នេះ គឺបានបង្ហាញពីភាពស្រស់សោភា របស់នារីនាសម័យនោះ។ ការទទួលបានជ័យលាភី និងពាន គឺប៊េប៊ី បានគ្រងឈុត «ព្រះនាងឥន្ទ្រទេវី» ដែលគេបានឃើញ នៅជញ្ជាំងប្រាសាទបាយ័ន ជាឈុតមួយក្នុងចំណោមឈុត ដែលគេមិនសូវឃើញឡើយ។

គួរជំរាបជូនថា ការស្លៀកនូវសម្លៀកបំពាក់ បែបបុរាណរបស់សិល្បករ-សិល្បការិនី ក្នុងកម្មវិធីនេះដែរ គឺដើម្បីប្រកួតប្រជែងយកពាន ឈុតសម្លៀកបំពាក់បុរាណ ដែលស្អាតជាងគេ (ប្រុសម្នាក់ស្រីម្នាក់) រួមនឹងពានរង្វាន់ផ្សេងៗទៀត ផងដែរ។ កម្មវិធីនេះ ធ្វើឡើងនៅរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីអបអរខួបគម្រប់២ឆ្នាំ នៃការបង្កើតក្រុមគ្រួសារតារាកម្ពុជា ដែលធ្វើឡើងនៅ ធឺរេសធីខេ ហើយក៏មានការចូលរួមជាអធិបតីពីសំណាក់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាពិសេសគឺវត្តមានសិល្បករ-សិល្បការិនីទាំងចាស់ ទាំងថ្មី។

ក្រៅពីប្រកួតប្រជែង សម្លៀកបំពាក់បុរាណ ក៏មានការបំពាក់មេដាយកិត្តិយស ជូនសិល្បករ-សិល្បការិនី ដែលបានចូលរួម សកម្មភាពសង្គមជាគ្រួសារតារាកម្ពុជា នាពេលកន្លងមកផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77