ទិវារត់​ម៉ារ៉ា​តុង​អន្ដរ​ជាតិ ​ចក្រ​ភពខ្មែរ ​លើក​ទី៥ ​ជិត​មកដល់​ទៀត​ហើយ | BayKdang ទិវារត់​ម៉ារ៉ា​តុង​អន្ដរ​ជាតិ ​ចក្រ​ភពខ្មែរ ​លើក​ទី៥ ​ជិត​មកដល់​ទៀត​ហើយ | BayKdang

ទិវារត់​ម៉ារ៉ា​តុង​អន្ដរ​ជាតិ ​ចក្រ​ភពខ្មែរ ​លើក​ទី៥ ​ជិត​មកដល់​ទៀត​ហើយ

(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៥ (5th Khmer Empire Full Marathon) ដែលរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយអាជ្ញាធរខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ ខណៈគណៈកម្មការរៀបចំបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួសរាន់ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីជំរុញព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅក្លាយជាប្រទេស Top-10 ក្នុងការរៀបចំព្រឹត្តិការណ៍ Full Marathon លើពិភពលោក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកអង្គារនេះថា ព្រឹត្តិការណ៍នេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០ម៉ែត្រ និង ៣គីឡូម៉ែត្រ ហើយបច្ចុប្បន្ន មានអត្តពលិកចុះឈ្មោះចូលរួមប្រមាណជាង ១,៣០០នាក់ហើយ ដោយជាង ១,០០០នាក់ គឺជាភ្ញៀវបរទេស មកពីជាង ៤០ប្រទេស ខណៈចិនឈរលេខ១ សិង្ហបុរីលេខ២ និងជប៉ុនលេខ៣។ ប៉ុន្ដែទម្រាំដល់ថ្ងៃបិទបញ្ជី លោករំពឹងថា ចំនួនអ្នកចូលរួម នឹងកើនឡើងជាងឆ្នាំមុនពី ១០% ទៅ ១៥% គ្រាដែលកាលពីឆ្នាំ២០១៧ មានអត្តពលិកចូលរួមប្រមាណ ២,០៩០នាក់។

លោកបន្ដថា ការរៀបចំទិវារត់ប្រណាំង Full Marathon នេះ គឺផ្ដោតសំខាន់លើការទាក់ទាញភ្ញៀវទេសចរ និងភ្ជាប់ជាមួយការងារសប្បុរសធម៌។ លោកថា «នេះជារដូវភ្លៀង ដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះ ហើយប្រជាពលរដ្ឋប្រកបរបរអាជីវកម្ម ក៏រកចំណូលប្រចាំថ្ងៃធ្លាក់ចុះដែរ។ ហេតុនេះ ទើបលោកបណ្ឌិត ថោង ខុន ផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ ដើម្បីស្រូបយកភ្ញៀវទេសចរ មកទស្សនាប្រាសាទអង្គរ ក្នុងរដូវភ្លៀងធ្លាក់។ មួយវិញទៀតធ្វើឲ្យប្រជាពលរដ្ឋ រកប្រាក់ចំណូលបានច្រើន សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាចូលរួមផ្សព្វផ្សាយឲ្យបរទេសមកលេងប្រាសាទអង្គរវត្តកាន់តែច្រើនផងដែរ»។

ដោយហេតុនេះ លោកបានអំពាវនាវដល់ភ្ញៀវទេសចរ ពិសេសប្រជាពលរដ្ឋខ្មែរ រួសរាន់ចុះឈ្មោះឲ្យបានច្រើន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបរទេស និងជំរុញព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ដូចទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ។ លោកបន្ថែមថា ចំពោះការចុះឈ្មោះតាមអនឡាញសម្រាប់ជនបរទេស ត្រូវបានបិទបញ្ជីហើយ តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមានបំណងចុះឈ្មោះចូលរួម គណៈកម្មការនៅតែបន្ដទទួលពាក្យ រហូតដល់ថ្ងៃប្រកួត ជាមួយនឹងស្ដង់ទទួលពាក្យ នៅខេត្តសៀមរាបផ្ទាល់តែម្ដង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77