មនុស្ស​ស្លាប់កើន​ដល់​១៥៩នាក់ និងបាត់ខ្លួន៥៧នាក់ ក្នុងគ្រោះទឹកជំនន់ដ៏ប្រល័យនៅជប៉ុន! | BayKdang មនុស្ស​ស្លាប់កើន​ដល់​១៥៩នាក់ និងបាត់ខ្លួន៥៧នាក់ ក្នុងគ្រោះទឹកជំនន់ដ៏ប្រល័យនៅជប៉ុន! | BayKdang

មនុស្ស​ស្លាប់កើន​ដល់​១៥៩នាក់ និងបាត់ខ្លួន៥៧នាក់ ក្នុងគ្រោះទឹកជំនន់ដ៏ប្រល័យនៅជប៉ុន!

(តូក្យូ)៖ អាជ្ញាធជប៉ុន ​បានអះអាង នៅថ្ងៃពុធនេះថា ចំនួនមនុស្ស​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ដែលបង្កឡើង ដោយភ្លៀងធ្លាក់​យ៉ាងជោគជាំ នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុនបានកើនដល់ ១៥៩នាក់ហើយ រីឯមនុស្សបាត់​ខ្លួន៥៧​នាក់ ទៀតត្រូវបានគេជឿជាក់​ថាជាប់ក្រោម​ល្បាប់ភក់។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មានជប៉ុន NHK​ នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋាភិបាលជប៉ុន បានបញ្ជូនប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពជាង ៧៣,០០០នាក់ រួមទាំងឧទ្ធម្ភាគចក្រ ៧០០គ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។ ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយ មានមនុស្ស៥៩នាក់បានស្លាប់។ ចំណែកឯ ថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ​ដើម្បី​សង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូចខាតគ្រាន់តែ​ទៅលើ​ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំ​ទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ។

គួរបញ្ជាក់ថា ការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិ​ដ៏អាក្រក់នេះមានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនី ប្រើប្រាស់ និង៣០០,០០០ខ្នង​ទៀតគ្មានទឹកស្អាតប្រើប្រាស់នៅក្នុងខេត្តចំនួន១២។ មួយវិញទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរ​ទស្សនកិច្ចទៅ​កាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើ ឡើងនៅថ្ងៃពុធនេះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77