ត្រឹម៥ឆ្នាំ កម្ពុជាអាចរកចំនូលពី វិស័យទេសចរណ៍ បានប្រមាណ ១៥ពាន់លានដុល្លារ...! | BayKdang ត្រឹម៥ឆ្នាំ កម្ពុជាអាចរកចំនូលពី វិស័យទេសចរណ៍ បានប្រមាណ ១៥ពាន់លានដុល្លារ...! | BayKdang

ត្រឹម៥ឆ្នាំ កម្ពុជាអាចរកចំនូលពី វិស័យទេសចរណ៍ បានប្រមាណ ១៥ពាន់លានដុល្លារ…!

កម្ពុជារកចំណូលបានពីវិស័យទេសចរណ៍ប្រមាណ ១៥ ០០០លានដុល្លារ ចូលសេដ្ឋកិច្ចជាតិ។ នេះបើតាមរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ (២០១៣-២០១៧) ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៨។

របាយការណ៍បង្ហាញថា នៅឆ្នាំ២០១៣ ចំណូលបានមកពីវិស័ទេសចរណ៍មានចំនួន ២ ៥៤៧លានដុល្លា​រ និងបបានកើនឡើងជាបន្តបន្ទាប់ ដល់ឆ្នាំ ២០១៧មានចំនួន ៣ ៦៣៨លានដុល្លារ។ សរុបក្នុងរយៈពេល៥ឆ្នាំ មកនេះវិស័យទេសចរណ៍រកចំណូលបានចំនួន ១៥ ១៤៥លានដុល្លារ។

ទន្ទឹមនឹងនោះ ​គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានរមណីយដ្ឋានទេសចរណ៍ ដែលចុះបញ្ជីផ្លូវការប្រមាណ ៣៩៤ កន្លែង រួមមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិ​សា​ស្រ្ត​ចំនួន ១១៤កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តធម្មជាតិ ២១កន្លែង រមណីយដ្ឋានកែឆ្នៃ ៣៣កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ២៧កន្លែង និងរមណីយដ្ឋានទេស​ចរណ៍ធម្មជាតិ ១៩៦កន្លែង ព្រមទាំងជំរុញឱ្យមានការរីកចម្រើនផ្នែកសណ្ឋាគារសរុបចំនួន ៧៨១ ស្មើនឹងជាង ៤៥ ០០០បន្ទប់ ផ្ទះសំណាក់ជាង ២ ២០០ ស្មើនឹងជាង ៣៣ ០០០បន្ទប់ ភោជនីយដ្ឋានជាង ២ ២០០កន្លែង ម៉ាស្សាជាង ៣០០កន្លែង សេវាកម្សាន្តទេសចរណ៍ ៨កន្លែង ទីភ្នាក់ងារទេសចរណ៍ជាង ៦០០កន្លែង ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ៣៨ក្រុមហ៊ុន និងមគ្គុទ្ទេសក៍ទេសចរចំនួនជាង ៥ ២០០នាក់ មគ្គុទ្ទេសក៍ទេសចរភាសាចិន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី រុស្ស៊ី អេស្ប៉ាញ ថៃ និងវៀតណាម។

តាមរំពឹងទុករបស់ក្រសួងទេសចរណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាន ២សែន នាក់ នៅបំណាច់ឆ្នាំ២០១៨នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ហើយអាចនាំមកនូវ ចំណូលប្រមាណ ៥០០០លានដុល្លារអាម៉េរិក អាចបង្កើតឱកាសការងារប្រមាណ ១លាននាក់៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77