ឥសានបុរៈ ជា​​​រាជ​ធានី​បុរាណ​ខ្មែរ ដែល​មាន​ប្រាសាទ​រាង ៨ជ្រុង មុន​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍ | BayKdang ឥសានបុរៈ ជា​​​រាជ​ធានី​បុរាណ​ខ្មែរ ដែល​មាន​ប្រាសាទ​រាង ៨ជ្រុង មុន​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍ | BayKdang

ឥសានបុរៈ ជា​​​រាជ​ធានី​បុរាណ​ខ្មែរ ដែល​មាន​ប្រាសាទ​រាង ៨ជ្រុង មុន​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍

(កំពង់ធំ)៖ លក្ខណៈពិសេសមួយ ក្នុងចំណោមលក្ខណៈពិសេសជាច្រើន របស់រាជធានីឥសានបុរៈ (តំបន់ប្រាសាទសំបូរព្រៃគុក) ត្រូវបានបញ្ជាក់ប្រាប់គណៈកម្មការនៃអង្គការយូណេស្កូ ដើម្បីសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នោះគឺប្រាង្គប្រាសាទមានរាង៨ជ្រុង ព្រោះក្នុងសម័យដូចគ្នានោះ គ្មានបរទេសណាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ធ្វើដូចបុព្វបុរសខ្មែរសម័យចេនឡាននោះឡើយ។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាននាថ្ងៃទី១០ ខែកក្កដានេះ លោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក បានឱ្យដឹងថា ស្ថាបត្យកម្ម និងការរៀបចំរចនាសម្ព័ន្ធរាជធានីនៅតំបន់ប្រាសាទសំបូរព្រៃគុក មានភាពល្អឯកដាច់គេ ដោយលោកបានលើកឡើងពីលក្ខណៈមួយចំនួន ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះ ហើយចំណុចដែលប្រាសាទមានរាង៨ជ្រុង (អដ្ឋកោណ) ក៏ជាចំណុចពិសេសមួយដ៏សំខាន់ផងដែរ។

លោក ផាន់ ណាឌី បញ្ជាក់ថា គ្មានប្រាសាទណាមួយមានប្រាសាទរាង៨ជ្រុង ដូចប្រាសាទនៅតំបន់ប្រាសាទសំបូរព្រៃគុករបស់ខ្មែរឡើយ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បើគិតក្នុងសម័យកាលតំណាលគ្នា។ នៅអតីតក្រុងវិជ័យរបស់នគរចាម្ប៉ាបុរាណ (សព្វថ្ងៃស្ថិតក្នុងប្រទេសវៀតណាម) ក៏មានប្រាសាទរាង៨ជ្រុងនេះដែរ តែគ្រាន់តែប្រាសាទទាំងនោះ ត្រូវបានកសាងឡើងក្រោយប្រាសាទ នៅតំបន់ប្រាសាទសំបូរព្រៃគុករបស់ខ្មែរ។

លោកអគ្គនាយកបានបន្តថា ក្នុងចំណោមប្រាសាទប្រមាណជិត ៣០០ប្រាង្គ នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ប្រាសាទដែលមានរាងអដ្ឋកោណមានប្រមាណ ១០ប្រាង្គផងដែរ ដែលប្រាង្គមួយចំនួនមានសភាពបាក់បែកដំបូល ជញ្ជាំង ប៉ុន្តែប្រាង្គមួយចំនួនក៏នៅមានសភាពល្អនៅឡើយ។

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាខូវ ប្រទេសប៉ូឡូញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសរួចរាល់ហើយ អំពីការកំណត់យកថ្ងៃទី១០ ខែកក្កដារៀងរាល់ឆ្នាំ ជាទិវាចងចាំការដាក់តំបន់ប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នាថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍នៃការចុះបញ្ជីប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ជាសមប្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាផងដែរ ដែលពិធីដ៏អធឹកអធ័មនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77