ធ្លាយរូបថតលោក អាបេ និងសមាជិកបក្ស កំពុងជប់លៀង ស្របពេលជប៉ុន កំពុងជួបគ្រោះធំ | BayKdang ធ្លាយរូបថតលោក អាបេ និងសមាជិកបក្ស កំពុងជប់លៀង ស្របពេលជប៉ុន កំពុងជួបគ្រោះធំ | BayKdang

ធ្លាយរូបថតលោក អាបេ និងសមាជិកបក្ស កំពុងជប់លៀង ស្របពេលជប៉ុន កំពុងជួបគ្រោះធំ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់តំបន់រងគ្រោះដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដីនៅថ្ងៃពុធនេះ ស្របពេលចំនួនអ្នកសា្លប់បានកើនដល់ ១៧៩នាក់ ហើយការព្រមានពីគ្រោះទឹកជំនន់ជាថ្មីក៏ត្រូវបានប្រកាសផងដែរ ប៉ុន្តែរូបភាពមួយបែរជាបែកធ្លាយចេញមក បង្ហាញឲ្យឃើញពីសកម្មភាពរបស់លោក អាបេ និងសមាជិកបក្សកាន់អំណាចរបស់លោក រៀបចំពិធីជប់លៀងរួមគ្នាយ៉ាងសប្បាយរីករាយទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

លោក អាបេ ដែលបានលុបចោលដំណើរទស្សនកិច្ចទៅកាន់បរទេស ដើម្បីត្រួតពិនិត្យស្ថានភាពទឹកជំនន់ នឹងធ្វើដំណើរទៅកាន់ខេត្ត អូកាយ៉ាម៉ា Okayama នៅថ្ងៃពុធនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជន ក្រោយរូបភាពមួយសន្លឹកបង្ហោះលើ Twitter បង្ហាញថា លោក និងរដ្ឋមន្ត្រីការពារជាតិរបស់លោក ស្ថិតនៅក្នុងពិធីជប់លៀងមួយជាមួយក្រុមអ្នកតំណាងរាស្ត្រ ខណៈភ្លៀងធ្លាក់កំពុងបន្តកាន់តែខ្លាំង នៅតំបន់កំពុងរងគ្រោះស្រាប់។

ចំពោះការរិះគន់ និងរូបភាពពិធីជប់លៀង ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន ក្យូដូ (Kyodo) ខាងលើនេះ គឺពុំមានទទួលបានប្រតិកម្មណាមួយនៅឡើយទេ ពីនាយករដ្ឋមន្ត្រីជប៉ុន ប៉ុន្តែបើសិនជារូបភាពនោះ ពិតជាកើតឡើងនៅអំឡុងពេលដែលប្រទេសកំពុងរងគ្រោះដោយទឹកជំននន់មែននោះ លោក អាបេ នឹងប្រឈមមុខបញ្ហាធំជាក់ជាមិនខាន។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុន ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ដ៏ អាក្រក់បំផុតគិតចាប់តាំងពីឆ្នាំ១៩៨២មក នៅឯតំបន់ភាគខាងលិចប្រទេសជប៉ុនបានកើនដល់១៧៩នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៦នាក់ ទៀតត្រូវបានគេជឿជាក់ថាជាប់ក្រោមល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។

តំបន់រងគ្រោះធ្ងន់ធ្ងរ មានដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា,ជីហ្វូ, កូជី, និងសាហ្គា។ ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយមានមនុស្ស ៦០នាក់បានស្លាប់។ ចំណែកឯ ថវិកាជំនួយ បន្ទាន់១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ ដើម្បីសង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ខណៈការខូចខាត គ្រាន់តែទៅលើប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77