លោក ដូណាល់ ត្រាំ ទទួល​លិខិតមួយ​ពីលោក គីម ជុងអ៊ុន ដែលសរសើរមិន​ដាច់ពីមាត់ ពីភាពរីកចំរើន​ដ៏អស្ចារ្យនៅក្នុង​កិច្ចសន្ទនា​ជាមួយទីក្រុង​ព្យុងយ៉ាង | BayKdang លោក ដូណាល់ ត្រាំ ទទួល​លិខិតមួយ​ពីលោក គីម ជុងអ៊ុន ដែលសរសើរមិន​ដាច់ពីមាត់ ពីភាពរីកចំរើន​ដ៏អស្ចារ្យនៅក្នុង​កិច្ចសន្ទនា​ជាមួយទីក្រុង​ព្យុងយ៉ាង | BayKdang

លោក ដូណាល់ ត្រាំ ទទួល​លិខិតមួយ​ពីលោក គីម ជុងអ៊ុន ដែលសរសើរមិន​ដាច់ពីមាត់ ពីភាពរីកចំរើន​ដ៏អស្ចារ្យនៅក្នុង​កិច្ចសន្ទនា​ជាមួយទីក្រុង​ព្យុងយ៉ាង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចេញផ្សាយ​ជាសាធារណៈនូវលិខិតមួយ​ ដែលលោក​ទើបតែទទួល បានពីមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ភ្ជាប់នឹង​ការសរសើរមិន​ដាច់ពីមាត់ ពីភាពរីកចំរើន​ដ៏អស្ចារ្យនៅក្នុង​កិច្ចសន្ទនា​ជាមួយទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។

លិខិតចុះ​ថ្ងៃទី០៦ ខែកក្កដា ត្រូវបាន​ប្រគល់ឱ្យតាមក្រុម​ប្រតិភូ​ នៃរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅអំឡុងពេល​បំពេញដំណើរ​ទស្សនកិច្ច​ក្នុងទីក្រុង​ព្យុងយ៉ាង កាលពី​សប្ដាហ៍មុន ដើម្បីបន្ត​ជជែកគ្នា ពីការរំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។ លើសពីនេះ​ទៅទៀត នៅក្នុងលិខិត​នេះ​ដដែល លោក គីម ជុងអ៊ុន បានចាត់ទុកថា​ជំនួបកំពូល​រវាងលោក និងលោក ត្រាំ នៅឯប្រទេស​សិង្ហបុរីកាលពី​ខែមុន គឺជាការចាប់ផ្ដើម​នៃដំណើរផ្សងព្រេង​ដ៏មានន័យ ជាមួយក្ដី​សង្ឃឹមថា ទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេសទាំងពីរនឹងរក​អនាគតថ្មី។

ដោយឡែក​ជាការឆ្លើយតប នៅលើ Twitter​ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ លោក ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «វាគឺជាលិខិត​ដ៏មានន័យពីលោក​ប្រធាន គីម នៃប្រទេស​កូរ៉េខាងជើង… ខណៈការ​រីកចំរើនដ៏អស្ចារ្យ​កំពុងដំណើរការ​ទៅមុខ»។

ទោះ​ជាយ៉ាង​នេះក្ដី ការចេញផ្សាយ​លិខិតរបស់​លោក គីម ជុងអ៊ុន កើតមានឡើង​នៅចំពេលទីក្រុង​វ៉ាស៊ីនតោនបានចោទប្រកាន់​ជាថ្មីថា កូរ៉េខាងជើង​កំពុងរំលោភ​លើទណ្ឌកម្មអង្គការ​សហប្រជាជាតិ ទាក់ទិននឹងការដោះប្ដូរប្រេងឥន្ធនៈ​ដោយខុសច្បាប់​នៅឯសមុទ្រ ហើយមួយវិញទៀត​នៅក្នុងលិខិតខាងលើ ក៏មិនបានបញ្ជាក់​ពីកិច្ច​ខិតខំ​ប្រឹងប្រែង​ណាមួយ​របស់កូរ៉េខាងជើង ក្នុងការ​រំសាយអាវុធនុយក្លេអ៊ែរ​នោះដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77