កូរ៉េខាងជើងផ្លាស់ប្តូរពេលវេលាពិភាក្សា ជុំវិញការប្រគល់អដ្ឋិធាតុទាហានអាមេរិក នាំឲ្យ​មន្ត្រីអាមេរិកមកអង្គុយចាំ​ដោយ​ឥតប្រយោជន៍ | BayKdang កូរ៉េខាងជើងផ្លាស់ប្តូរពេលវេលាពិភាក្សា ជុំវិញការប្រគល់អដ្ឋិធាតុទាហានអាមេរិក នាំឲ្យ​មន្ត្រីអាមេរិកមកអង្គុយចាំ​ដោយ​ឥតប្រយោជន៍ | BayKdang

កូរ៉េខាងជើងផ្លាស់ប្តូរពេលវេលាពិភាក្សា ជុំវិញការប្រគល់អដ្ឋិធាតុទាហានអាមេរិក នាំឲ្យ​មន្ត្រីអាមេរិកមកអង្គុយចាំ​ដោយ​ឥតប្រយោជន៍

(សេអ៊ូល)៖ ក្រុមមន្រ្តី​កូរ៉េខាងជើង​ហាក់ដូចជាបាន​លក់មុខ ប្រតិភូមក​ពី​សហរដ្ឋអាមេរិក តាមរយៈការមិន​បង្ហាញខ្លួន​នៅក្នុងជំនួប​​​ពិភាក្សាមួយ ដែលត្រូវបាន​គ្រោងឡើងជាមុន​ដោយត្រឹមត្រូវ ដើម្បីពិភាក្សា​ពីការប្រគល់អដិ្ឋធាតុ​ទាហានអាមេរិក ដែលបានស្លាប់​ចោល​ឆ្អឹង​នៅសម័យសង្រ្គាម​កូរ៉េកាលពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ទៅកាន់មាតុ​ប្រទេស​វិញ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។

ទោះជាបែបនេះក្តី កិច្ចប្រជុំខាងលើ​ត្រូវបានលើកទៅធ្វើឡើង​នៅថ្ងៃអាទិត្យខាងមុខវិញ ប៉ុន្តែកាលបរិច្ឆេទ​ថ្មីនេះ ពុំត្រូវបានបង្ហើប​ឲ្យដឹង​នោះឡើយ រហូតទាល់​តែក្រោយពី​ក្រុមមន្រ្តី​អាមេរិក​បានចំណាយពេលអង្គុយរង់ចាំ អស់មួយសន្ទុះធំទៅ​ហើយ នៅឯតំបន់ព្រំដែន​​រវាង​កូរ៉េ​ខាង​ជើង និងកូរ៉េខាងត្បូង។

បើតាមប្រភពដែល​ដឹងលឺពីបញ្ហានេះ​បានឲ្យដឹងថា ក្រោយពីការហៅទូរស័ព្ទ​ទៅសួរនាំភាគី​កូរ៉េខាងជើង ក្រុមមន្រ្តីអាមេរិក​ត្រូវបានជូន​ដំណឹងថា កិច្ចពិភាក្សា​ត្រូវធ្វើការកែ​សម្រួល ដោយកូរ៉េខាងជើង ហាក់ចង់ឲ្យ​មានវត្តមានរបស់មេបញ្ជាការ​យោធាអាមេរិក​នៅឯតុប្រជុំ​ដើម្បីពន្លឿននីតិ​វិធីនៃការប្រគល់​អដ្ឋិធាតុទ័ព​អាមេរិក។

គួរជម្រាបថា បញ្ហានៃការប្រគល់​ធាតុទាហានអាមេរិក ពីកូរ៉េខាងជើងទៅ​សហរដ្ឋអាមេរិកវិញនោះ គឺជាបញ្ហាដ៏អូស​បន្លាយមួយ រវាង​ប្រទេសទាំងពីរ​ចាប់តាំងតែពីសង្រ្គាម​កូរ៉េបានបញ្ចប់ទៅ ដោយបទ​ឈប់បាញ់ កាលពីឆ្នាំ១៩៥៣។ បើតាមក្រសួង​ការពារជាតិអាមេរិក កងទ័ពអាមេរិក​ជិត ៨,០០០នាក់ ដែលបានចូលរួម​ក្នុងសមរភូមិ​នៃសង្រ្គាម មិនទាន់ត្រូវបាន​ប្រគល់មកប្រទេស​កំណើតវិញ​ឡើយ។

កិច្ចចរចាអំពីបញ្ហា​ខាងលើឡើងវិញនេះ បានលេចឡើងជា​ប្រធានបទក្តៅឡើងវិញ បន្ទាប់ពីវាបានក្លាយ​ជាចំណុចមួយ ក្នុង​ចំណោម​​​គោល​ដៅ​ទាំងធំៗ​ទាំង​០៤​ ធ្វើឡើងក្នុង​សេចក្តីថ្លែងការណ៍​រួម របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នៅឯកិច្ចប្រជុំជា​ប្រវត្តិសាស្រ្តក្នុងប្រទេសសិង្ហបុរី​​រវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី១២ ខែមិថុនា៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77