តារា​ល្បីៗ​ជា​ច្រើន​ដួង ​នាំ​គ្នា​ងាក​ទៅ​បោះ​ទុន លើ​ជំនួញ​ពុះ​ដីឡូតិ៍​លក់! | BayKdang តារា​ល្បីៗ​ជា​ច្រើន​ដួង ​នាំ​គ្នា​ងាក​ទៅ​បោះ​ទុន លើ​ជំនួញ​ពុះ​ដីឡូតិ៍​លក់! | BayKdang

តារា​ល្បីៗ​ជា​ច្រើន​ដួង ​នាំ​គ្នា​ងាក​ទៅ​បោះ​ទុន លើ​ជំនួញ​ពុះ​ដីឡូតិ៍​លក់!

(ភ្នំពេញ)៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នករស់នៅក្នុងវិស័យសិល្បៈ និងមហាជនទូទៅ ខណៈដែលតារាល្បីៗលំដាប់ប្រទេស បានងាកទៅចាប់អារម្មណ៍ យ៉ាងសស្រាក់សស្រាំ ទៅនឹងការរកស៊ី ប្រកបមុខរបរជំនួញលើវិស័យអចលនទ្រព្យ ជាពិសេសមួយរយៈចុងក្រោយនេះ គេសង្កេតឃើញ តារាល្បីៗទាំងនោះ បាននាំគ្នាភ្លូកទឹកភ្លូកដី ជះលុយបណ្ដាក់ទុនរាប់លានដុល្លារ ទៅលើជំនួញពុះដីឡូតិ៍លក់តាមជាយក្រុង។

គេបានកត់សម្គាល់ឃើញថា រយៈកាលប៉ុន្មានខែចុងក្រោយនេះ មានតារាល្បីៗយ៉ាងហោចណាស់ជិត ១០ដួង បានបង្ហាញពីទំហំនៃការវិនិយោគទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅលើជំនួញពុះដីឡូតិ៍លក់ តាមបណ្ដាខេត្តនានា ជាពិសេសនៅតាមតំបន់ជាយក្រុងភ្នំពេញ ដែលត្រូវបានពួកគេមើលឃើញថា អាចទទួលបាននូវផលចំណេញកប់ក្ដោង បន្ទាប់ពីការងារសិល្បៈរបស់ពួកគេ មានឈ្មោះល្បី ប៉ុន្តែចំណូលបានមកពីវិស័យសិល្បៈនេះ ហាក់នៅមានកម្រិតនៅឡើយ។

តារាល្បីៗ ដែលបានជះទុន រាប់លានដុល្លារលើជំនួញដីឡូតិ៍ទាំងនោះ រួមមាន លោក ព្រាប សុវត្ថិ បានបណ្ដាក់ទុនរកស៊ី ពុះដីឡូតិ៍លក់ នូវទំហំទឹកប្រាក់ប្រមាណ ៥លានដុល្លារ ជាមួយលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាតត្រា។ បន្ទាប់ពីការចាប់ដៃរកស៊ី ពុះដីឡូតិ៍លក់របស់ តារាចម្រៀង ព្រាប សុវត្ថិ និងលោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ធ្វើឲ្យល្បីកក្រើកអស់ ដល់អ្នករកស៊ីជំនួញដីធ្លី និងអ្នកសិល្បៈហើយនោះ ថ្មីៗនេះ គេក៏ភ្ញាក់ផ្អើលម្ដងទៀត ជាមួយនឹងការបណ្ដាក់ទុនរួមគ្នាប្រមាណ ១០លានដុល្លារ ពីសំណាក់តារាចម្រៀង លោក ខេមរៈ សិរីមន្ត ទៅលើជំនួញពុះដីឡូតិ៍លក់នេះ បន្ថែមទៀត ជាមួយនឹងលោក ឡេង ណាវ៉ាតត្រា ដដែល ធ្វើឲ្យមានការចាប់អារម្មណ៍ផ្ទួនៗ និងកាន់តែកក្រើកទ្វេដង នៅក្នុងវិស័យអ្នកសិល្បៈល្បីៗ ដែលងាកទៅរករបរជំនួញ លើវិស័យអចលនទ្រព្យ។

ក្រៅពីតារាល្បីៗ ជួរមុខលំដាប់ប្រទេស នាំគ្នាបណ្ដាក់ទុន លើវិស័យអចលនទ្រព្យ បន្ថែមជំនាញពីលើវិស័យសិល្បៈ ដែលខ្លួនមានរួចហើយនោះ គេសង្កេតឃើញមាន តារាល្បីៗជាច្រើនដួងទៀត មានដូចជា លោក យុត្ថារ៉ា ឆានី, លោក អ៊ីណូ, នាងខ្ញុង, នាយកៃដ, នាយក្រូច, លី ច័ន្ទសីហា, លោក ហេង ឡុង, វីជេ ដាដា និង មានតារាល្បីៗជាច្រើនរូបទៀត ក៏បានងាកមកចាប់អារម្មណ៍ពុះដីឡូតិ៍លក់ ផងដែរ។

សម្រាប់តារាល្បីៗខាងលើ ដែលងាកមកចាប់អារម្មណ៍ជាមួយដីធ្លី ក្រោយពេលដែលការងារសិល្បៈរបស់ខ្លួន កាក់កបហើយនោះ ត្រូវបានគេដឹងថា នេះគឺជាផ្លូវមួយទៀត សម្រាប់អ្នកសិល្បៈ ដែលជាមុខរបរថ្មីបន្ថែមពីសិល្បៈ ខណៈកាលពីកន្លងមក តារាទាំងនោះ មិនធ្លាប់គិតគូពីវិស័យអចលនទ្រព្យនោះទេ ពោលគឺចាប់អារម្មណ៍ តែការលក់ផលិតផល នៅតាមអនឡាញ ឬបើកហាងលក់ផលិតផល ឬហាងផឹកស៊ី ផ្សេងៗ តែប៉ុណ្ណោះ។ ប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយនេះ តារាល្បីខាងលើ បែរងាកទៅចាប់អារម្មណ៍ លើជំនួញដីធ្លី គួរឲ្យភ្ញាក់ផ្អើលទៅវិញ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77