បទវិភាគ! តើអ្នកណាជាអ្នកឈ្នះ ឬចាញ់ ក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក-ចិន? | BayKdang បទវិភាគ! តើអ្នកណាជាអ្នកឈ្នះ ឬចាញ់ ក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក-ចិន? | BayKdang

បទវិភាគ! តើអ្នកណាជាអ្នកឈ្នះ ឬចាញ់ ក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក-ចិន?

(ពិភពលោក)៖ បើយោងតាមគោលការណ៍សេដ្ឋកិច្ចបានកំណត់ថា តាមធម្មតាក្នុងសង្គ្រាមពាណិជ្ជកម្ម ផលប៉ះពាល់ភាគច្រើនធ្លាក់ទៅលើប្រទេសនាំចេញ ច្រើនជាងប្រទេសនាំចូល ព្រោះប្រសិនបើភាគីទាំងពីរបង្កើនពន្ធគយស្មើគ្នាប្រឆាំងគ្នាទៅវិញទៅមកនោះច្បាស់ណាស់ថា ប្រទេសដែលនាំចេញកាន់តែច្រើននឹងខាតបង់កាន់តែច្រើន។ ដោយយោងតាមទ្រឹស្តីខាងលើ ក្នុងនាមជាអ្នកនាំចូលដ៏ធំមួយលើពិភពលោក សហរដ្ឋអាមេរិកគួររងការខាតបង់តិចជាងក្នុងសង្គ្រាមពាណិជ្ជកម្ម។ ប៉ុន្ដែកុំភ្លេចថាទ្រឹស្ដីខាងលើមិនមែនត្រឹមត្រូវគ្រប់កាលៈទេសៈនោះទេ។

តាមការពិនិត្យតាមដានស្ថានភាពកាលពី២សប្តាហ៍មុន បានបង្ហាញថា ប្រទេសចិន អាចនឹងពិបាកបន្តិច ដើម្បីសងសឹកអាមេរិក បើសិនជាលោកប្រធានាធិបតី ដូណាល់ត្រាំ ពិតជាអនុវត្តតាមរាល់ការគំរាមកំហែងតម្លើងពន្ធគយមែននោះ។ ប្រទេសចិន ពិតជាមិនសងសឹកអាមេរិកវិញ ក្នុងរូបភាពដូចអ្វីដែលអាមេរិកធ្វើចំពោះចិននោះទេ។

ហើយប្រសិនបើ រដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់គោលដៅវាយប្រហារទៅលើក្រុមហ៊ុនសហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការលើទឹកដីចិន ដូចជា ក្រុមហ៊ុន Apple ដែលអាចលក់ទូរស័ព្ទ iPhone នៅទឹកដីចិន បានច្រើនជាងអាមេរិក ឬក្រុមហ៊ុន GM ដែលអាចលក់ផលិតផលនៅចិនក្នុងតួលេខច្រើនជាងអាមេរិកក្តី ប៉ុន្តែដោយសារផលិតផលទាំងនេះត្រូវបានតម្លើងនៅក្នុងស្រុក (ចិន) ដូច្នេះរដ្ឋាភិបាលទីក្រុងប៉េកាំង នឹងរងផលប៉ះពាល់ដល់សេដ្ឋកិច្ចច្រើនជាង ប្រសិនបើប្រើប្រាស់មធ្យោបាយសងសឹកដូចខាងលើ។

ប៉ុន្តែនេះមិនមែនមានន័យថា ប្រទេសចិននឹងត្រូវចាញ់ក្នុងសង្គ្រាមពាណិជ្ជកម្មទេ។ ព្រោះការតម្លើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលប្រទេសចិន ភាគច្រើនប៉ះលើផលិតផលសម្រាប់ផ្គត់ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្មនៃក្រុមហ៊ុនសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។ ឧទាហរណ៍ក្រុមហ៊ុនឧស្សាហកម្មធនធ្ងន់ Cummins នៅសហរដ្ឋអាមេរិក ត្រូវការជាចាំបាច់នូវសមាសធាតុផ្សំភាគច្រើននាំចូលពីប្រទេសចិន ដើម្បីតម្លើងផលិតផលសម្រេចរបស់ខ្លួន។ ដូចគ្នានេះដែរ ផលិតផលអេឡិចត្រូនិកជាច្រើនរបស់សហរដ្ឋអាមេរិក ក៏ត្រូវការនាំចូលនូវសមាសធាតុផ្សំ ដែលបានរចនា និងផលិតឡើងពីប្រទេស ចិនដូចគ្នា។

ប្រសិនបើអាមេរិកតម្លើងពន្ធនាំចូលផលិតផលទាំងនោះ មានន័យថា អាមេរិកត្រូវចំណាយប្រាក់បន្ថែមចំនួន២៥ភាគរយ ដើម្បីទិញសមាសធាតុផ្សំរបស់ចិន សម្រាប់ផលិតផលរបស់ខ្លួន។ គោលការណ៍បង់ពន្ធលើការនាំចូលពីប្រទេសចិន មិនខុសអីពីសហរដ្ឋអាមេរិក ដាក់បន្ទុកបន្ថែមលើឧស្សាហកម្មរបស់ខ្លួននោះទេ។ ហេតុនេះក្រុមហ៊ុនអាមេរិក ចាំបាច់ត្រូវប្រឹងប្រែងបង្កើនផលិតកម្មក្នុងស្រុក ដើម្បីជំនួសផលិតផលនាំចូល ដោយសារគោលការណ៍ពន្ធថ្មី។

ត្រឹមតែលើកឡើងពីបញ្ហាខាងលើវាធ្ងន់ធ្ងរណាស់ទៅហើយ។ ប៉ុន្តែនិយាយពីស្ថានភាពសេដ្ឋកិច្ចអាមេរិកសព្វថ្ងៃ មានកំណើនតិចតួច ខណៈដែលសម្ពាធអតិផរណាកំពុងចាប់ផ្តើមលេចឡើងកាន់តែខ្លាំង។ ជាលទ្ធផល គឺអាមេរិកអាចនឹងជួបអត្រាអតិផរណា និងអត្រាការប្រាក់ខ្ពស់ ចំណែកកំណើនសេដ្ឋកិច្ចបែរជាយឺតទៅវិញ។

និយាយឱ្យខ្លី បើទោះស្ថានភាពនេះ វាហាក់បង្កភាពលំបាកដល់ប្រទេសចិន ក្នុងការសងសឹកទៅលើសហរដ្ឋអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្មក្តី ប៉ុន្តែចិននៅតែជាអ្នកឈ្នះក្នុងលក្ខខណ្ឌនេះ ដោយសារគោលការណ៍តម្លើនពន្ធរបស់អាមេរិក អាចនឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចអាមេរិកខ្លួនឯង ច្រើនជាងផលប៉ះពាល់ទៅលើប្រទេសចិន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77