Facebook ចេញមុខសុំទោស​ប្រទេស​ឥណ្ឌូណេស៊ី ចំពោះកំហុស «រូបភាពប៉េង​ប៉ោងអបអរសាទរ» ពេលកំពុងរងទុក្ខ​ក្រោយ​គ្រោះរញ្ជួយដី | BayKdang Facebook ចេញមុខសុំទោស​ប្រទេស​ឥណ្ឌូណេស៊ី ចំពោះកំហុស «រូបភាពប៉េង​ប៉ោងអបអរសាទរ» ពេលកំពុងរងទុក្ខ​ក្រោយ​គ្រោះរញ្ជួយដី | BayKdang

Facebook ចេញមុខសុំទោស​ប្រទេស​ឥណ្ឌូណេស៊ី ចំពោះកំហុស «រូបភាពប៉េង​ប៉ោងអបអរសាទរ» ពេលកំពុងរងទុក្ខ​ក្រោយ​គ្រោះរញ្ជួយដី

(ឡុងដ៍)៖ ក្រុមហ៊ុន Facebook បាន​សូមទោស និងបង្ហាញការ​សោកស្ដាយ​ជាខ្លាំង ក្រោយអ្នកប្រើប្រាស់​របស់ខ្លួន​មួយ​ចំនួន បាន​បង្ហោះសារ​របស់ពួកគេអមជាមួយ «រូបភាពប៉េង​ប៉ោងអបអរសាទរ» រៀបរាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលបានផ្ដាច់ជីវិត មនុស្សរាប់រយ​នាក់ក្នុងប្រទេស​ឥណ្ឌូណេស៊ី។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។

ប្រជាជនឥណ្ឌូណេស៊ី​មួយចំនួន បានបង្ហោះសារ​នៅលើ Facebook ដោយប្រើប្រាស់​ពាក្យសឺឡាម៉ាត់ (selama) ឬមានន័យថា «សុវត្ថិភាព» ប៉ុន្តែទន្ទឹមគ្នា «រូបភាពប៉េងប៉ោង​អបអរសាទរ» បែរជាលេចឡើង​ជាមួយសារទំាងនេះ​ទៅវិញ ស្របពេល​ប្រជាជន ឥណ្ឌូណេស៊ីកំពុងជួប​ទុក្ខលំបាក។

ជុំវិញកំហុសឆ្គងដោយ​អចេតនានេះ អ្នកនាំពាក្យ​ក្រុមហ៊ុន Facebook ក៏បានចេញ​មុខសូមទោសផ​ងដែរ។ អ្នកនាំពាក្យរូបនេះ​បានលើកឡើង​ដូច្នេះថា «រូបភាពប៉េងប៉ោងអបអរសាទរ គឺត្រូវបាន ប្រើប្រាស់​លើ Facebook នៅទូទាំង​សកលលោក។ តែយ៉ាងណា យើងពិតជា​សោកស្ដាយណាស់​ ដែលវាលេច​ឡើង​នៅចំពេល​ប្រជាជន​ឥណ្ឌូណេស៊ី កំពុងជួបគ្រោះ​អកុសល្យ ហើយយើង​បានបិទដំណើរការនេះ​នៅក្នុងតំបន់ជាបណ្ដោះ​អាសន្ន​សិន»។

គួរជម្រាបជូនថា បើតាមប្រព័ន្ធផ្សព្វផ្សាយ​ឥណ្ឌូណេស៊ី ចំនួនអ្នកស្លាប់​ដោយសារគ្រោះរញ្ជួយដី​កម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយ​ប្រហារលើកោះ​​លុមបុក កាលពីថ្ងៃអាទិត្យ​បានកើនដល់ ៣៤៧នាក់ និង ១,៤៧៧នាក់​រងរបួស​ហើយ​ ១៦៥,០០៣នាក់​ត្រូវបាន​ជម្លៀស​​​ខ្លួនចេញពីទីលំនៅ​របស់ពួកគេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77