ម្សិលមិញនេះ មានជនស៊ីវិល៤៣នាក់ ភាគច្រើនជាកុមារ​ បាត់បង់ជីវិត ក្នុងការទម្លាក់​គ្រាប់បែក​​របស់អារ៉ាប៊ីសាអូឌីត នៅយេម៉ែន | BayKdang ម្សិលមិញនេះ មានជនស៊ីវិល៤៣នាក់ ភាគច្រើនជាកុមារ​ បាត់បង់ជីវិត ក្នុងការទម្លាក់​គ្រាប់បែក​​របស់អារ៉ាប៊ីសាអូឌីត នៅយេម៉ែន | BayKdang

ម្សិលមិញនេះ មានជនស៊ីវិល៤៣នាក់ ភាគច្រើនជាកុមារ​ បាត់បង់ជីវិត ក្នុងការទម្លាក់​គ្រាប់បែក​​របស់អារ៉ាប៊ីសាអូឌីត នៅយេម៉ែន

(សានណា)៖ ប្រជាជនស្លូ​ត​ត្រង់​យ៉ាងតិច​៤៣នាក់ ដែលភាគច្រើនក្នុងចំណោមនោះគឺជាកុមារ បានបាត់បង់ជីវិត នាថ្ងៃព្រហស្បតិ៍​នេះ ក្រោមការវាយប្រហារតាមផ្លូវអាកាសរបស់​​​ក្រុមយន្តហោះចម្បាំង ដែលដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត ចំលើ​រថយន្ត​ក្រុង​ដឹកសិស្ស​ប៉ុន្មាន​គ្រឿង ក្នុងខេត្តសាដា (Saada) ភាគខាងជើង​ប្រទេសយេម៉ែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។

បើតាមអាជ្ញាធរសុខាភិបាលរបស់យេម៉ែន ​ចំនួនមនុស្សស្លាប់នៅក្នុងការទម្លាក់គ្រាប់ខាងលើ គឺ៤៣នាក់ ​និងអ្នកទទួលរងរបួស​ចំនួន​៦១នាក់ ហើយក្នុងចំណោមនោះ ភាគច្រើនគឺជាកុមារមានអាយុមិនដល់១០ឆ្នាំឡើយ។ ជុំវិញរឿងនេះ ​ក្រុមយោធាចម្រុះខាងលើដែល​មានអារ៉ាប៊ីសាអូឌីត ជាអ្នកដឹកនាំ បានចេញមុខបក​ស្រាយថា ​ប្រតិបត្តិការតាមផ្លូវអាកាសរបស់ខ្លួន ដែលជាសកម្មភាពស្របច្បាប់នេះ គឺមាន​គោល​ដៅ​ទៅ​លើ​​ក្រុម​​ឧទ្ទាម​​ ដែលបានបាញ់មីស៊ីល​ចូលមកភាគខាងត្បូងអារ៉ាប៊ីសាអូឌីត​ និងផ្តាច់ជីវិតមនុស្សម្នាក់ឯណោះទេ។

គួរជម្រាបថា អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្ត បានចូលធ្វើអន្តរាគមន៍​ក្នុងសង្រ្គាមនៅយេម៉ែន កាលពីឆ្នាំ២០១៥ ដើម្បី​វាយកម្ចាត់​ក្រុម​ឧទ្ទាមហ៊ូទី (Houthi) និងជួយឲ្យ​រដ្ឋាភិបានិរទេសដែលមានការទទួលស្គាល់ពីអន្តរជាតិឡើងកាន់អំណាចវិញ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77