កូរ៉េខាងជើង​អះអាងថា «នឹងបន្ត​ចំណេះដឹងផលិត​អាវុធ​នុយក្លេអ៊ែរ» ដើម្បីទប់ទល់​នយោបាយចូលចិត្ត​បង្ករឿង​របស់​អាមេរិក! | BayKdang កូរ៉េខាងជើង​អះអាងថា «នឹងបន្ត​ចំណេះដឹងផលិត​អាវុធ​នុយក្លេអ៊ែរ» ដើម្បីទប់ទល់​នយោបាយចូលចិត្ត​បង្ករឿង​របស់​អាមេរិក! | BayKdang

កូរ៉េខាងជើង​អះអាងថា «នឹងបន្ត​ចំណេះដឹងផលិត​អាវុធ​នុយក្លេអ៊ែរ» ដើម្បីទប់ទល់​នយោបាយចូលចិត្ត​បង្ករឿង​របស់​អាមេរិក!

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក រី យ៉ុង ហូ បាន​និយាយថា កូរ៉េខាងជើងនឹង​បន្តរក្សាចំណេះ​ដឹងផ្នែក​នុយក្លេអ៊ែរ ដើម្បីទុកវា​ជាមធ្យោបាយ​ប្រឆាំងនឹងគោលនយោបាយ​អរិភាពរបស់​សហរដ្ឋអាមេរិក ចំពោះទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

លោក រី ធ្វើការកត់សម្គាល់​បែបនេះ​ នៅអំឡុងពេលបំពេញ​ដំណើរ​ទស្សនកិច្ច រយៈពេលបីថ្ងៃ​នៅក្នុងប្រទេស​អ៊ីរ៉ង់ ដោយ​ផ្ដើមកាលពីថ្ងៃអង្គារ​កន្លងទៅ។ ថ្លែងតាម​រយៈសម្រង់សម្ដី​ដោយប្រព័ន្ធផ្សព្វផ្សាយ​អ៊ីរ៉ង់ ប្រមុខការទូត​កូរ៉េខាងជើង​រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារតែ​យើងដឹងថា សហរដ្ឋអាមេរិក​នឹងមិនបោះបង់ចោល​គោលនយោបាយអរិភាព របស់ខ្លួន​ចំពោះយើងឡើយ យើងនឹងបន្តរក្សា​ចំណេះដឹងផ្នែកនុយក្លេអ៊ែរ​របស់យើង… វាពិតជាពិបាកណាស់​ក្នុងការដោះស្រាយ​ជាមួយ​សហរដ្ឋអាមេរិក​ហើយ ដើម្បីសម្រេចឱ្យ​បាននូវកម្មវត្ថុ​លុបបំបាត់​​អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិក​គួរតែគោរពតាមពាក្យ​សន្យារបស់ខ្លួន តែពួកមិនបាន​ធ្វើដូច្នោះ​ឡើយ»។

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក រី យ៉ុង ហូ កើតមានឡើង​នៅចំពេលមានការព្រួយបារម្ភថា ភាពតានតឹង​នៅលើតំបន់​ឧបទ្វីប​កូរ៉េ អាចនឹងផ្ទុះ​ឡើងវិញ ក្រោយទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ចេះតែចោទ​ប្រកាន់គ្នាទៅវិញទៅមក​នាពេលថ្មីៗនេះ​ថា មិនបានអនុវត្តន៍​តាមកិច្ចព្រមព្រៀង​រវាងមេដឹកនាំនៃប្រទេសទាំងពីរ​ ក្នុងប្រទេស​សិង្ហបុរី កាលពី​ខែមិថុនា៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77