ឮថា គ្រូថ្មីក្រុមជម្រើសជាតិកម្ពុជា អាចមានទំនាក់ទំនងជាមួយលោក Arsene Wenger អតីតអ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal! | BayKdang ឮថា គ្រូថ្មីក្រុមជម្រើសជាតិកម្ពុជា អាចមានទំនាក់ទំនងជាមួយលោក Arsene Wenger អតីតអ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal! | BayKdang

ឮថា គ្រូថ្មីក្រុមជម្រើសជាតិកម្ពុជា អាចមានទំនាក់ទំនងជាមួយលោក Arsene Wenger អតីតអ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal!

(ភ្នំពេញ)៖ សល់រយៈពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ សមាសភាពគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកាសផ្លូវការ តាមរយៈសន្និសីទសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ដែលនឹងធ្វើឡើងនាម៉ោង ១០ព្រឹកថ្ងៃអាទិត្យនេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។

ប៉ុន្ដែស្របពេលសហព័ន្ធត្រៀមរៀបចំកម្មវិធីយ៉ាងលាក់កំបាំង ស្រាប់តែអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់លោក ដែលបង្កឲ្យមានការងឿងឆ្ងល់ជាខ្លាំង ជាមួយនឹងការរំលេចឈ្មោះលោក Arsene Wenger អតីតអ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal ។

តើគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា មានពាក់ព័ន្ធអ្វីជាមួយបុរសដ៏មានសក្ដានុពលក្នុងវិស័យបាល់ទាត់លើពិភពលោករូបនេះ? លោក Leonardo Vitorino បានសរសេរថា «Good Luck to Arsené Wenger !!
New Stadiums… Good salaries to the players and investment in youth Academies!! ឬ សូមសំណាងល្អ Arsene Wenger ។ កន្លែងថ្មី ប្រាក់ខែល្អ និងការវិនិយោគជាមួយក្រុមប្រមូលផ្ដុំដោយថ្នាលយុវជន» ។ ជុំវិញសារនេះ ទោះពុំមានការបញ្ជាក់លម្អិត តែអ្នកគាំទ្របានដាក់ការសង្ស័យមានពាក់ព័ន្ធនឹងបាល់ទាត់កម្ពុជា ព្រោះការបង្ហោះធ្វើឡើង ស្របពេល FFC ត្រៀមបង្ហាញវត្តមានគ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជាថ្ងៃនេះ ។

ការសន្និដ្ឋានរបស់អ្នកគាំទ្រ ព្រោះជារឿយៗ រាល់ការបង្ហោះសាររបស់បុរសជនជាតិប្រេស៊ីលរូបនេះ ភាគច្រើន លោកនៅតែបង្ហាញការយកចិត្តទុកដាក់ក្រុមជម្រើសជាតិកម្ពុជា ទោះបីត្រូវបាន FFC បញ្ចប់កិច្ចសន្យាកាលកំណត់កាលពីខែតុលា ឆ្នាំ២០១៧ ក៏ដោយ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺឃ្លាចុងក្រោយ ដែលលោកបានជូពរឲ្យលោក Arsene Wenger ជោគជ័យជាមួយក្រុមប្រមូលផ្ដុំដោយថ្នាលយុវជន ដែលត្រូវនឹងវិស័យបាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្ន កំពុងតែមានការអភិវឌ្ឍន៍ រីកចម្រើន ហើយសម្បូរកីឡាករវ័យក្មេងច្រើន ។ ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជា កាន់តែមានការសង្ស័យបន្ថែមទៀត ។

យ៉ាងណាមិញព័ត៌មាននេះ គ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការរបស់អ្នកគាំទ្រប៉ុណ្ណោះ ហើយក៏មានអ្នកខ្លះ បានបញ្ចេញទស្សនៈ វាមិនអាចកើតឡើងដែរ ព្រោះអ្នកណាៗក៏ដឹងពីប្រវត្តិរបស់លោក Arsene Wenger និងប្រាក់ខែរបស់លោក ។ ដូច្នេះដើម្បីជ្រាបច្បាស់ពីវត្តមានគ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជា សូមកុំភ្លេចចាំអ៊ុតទាំងអស់គ្នា ចាំមើលតើគ្រូថ្មីនោះ គឺជាជនជាតិអ្វី និងមានប្រវត្តិយ៉ាងណា? ទន្ទឹមជាមួយគ្នាក្រុមការងារគេហទំព័រ KhmerTalking ក៏នឹងបញ្ជាក់ជូនទស្សនិកជន ពិសេសអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាឲ្យបានដឹងច្បាស់ បន្ទាប់ពីសន្និសីទសារព័ត៌មានខាងលើ ចាប់ផ្ដើមផ្លូវការផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77