អ្នកលក់ទឹកត្នោត​នៅ​មុខ​ប្រាសាទ​អង្គរ​ម្នាក់ ចេះដល់៥ ទៅ ៦ ភាសា ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យចូល​ភ្លក្ស​ និងទិញទឹកត្នោតដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​​ខ្មែរ | BayKdang អ្នកលក់ទឹកត្នោត​នៅ​មុខ​ប្រាសាទ​អង្គរ​ម្នាក់ ចេះដល់៥ ទៅ ៦ ភាសា ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យចូល​ភ្លក្ស​ និងទិញទឹកត្នោតដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​​ខ្មែរ | BayKdang

អ្នកលក់ទឹកត្នោត​នៅ​មុខ​ប្រាសាទ​អង្គរ​ម្នាក់ ចេះដល់៥ ទៅ ៦ ភាសា ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យចូល​ភ្លក្ស​ និងទិញទឹកត្នោតដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​​ខ្មែរ

(សៀមរាប)៖ ជាមួយនឹងវត្តមានភ្ញៀវទេសចរដ៏ច្រើនកុះករ ដែលកំពុងធ្វើដំណើរទៅមកទស្សនាប្រាសាទអង្គរជាប់ឥតដាច់នោះ គេឮសំឡេងពពាយនាយក្រោមដើមត្នោតខ្ពស់ល្មមមួយដើម ខាងស្ដាំសិលាវិថីចូលប្រាសាទអង្គរវត្ត នោះគឺលោក គីម អ្នកលក់ទឹកត្នោតផ្អែម ដែលកំពុងប្រើវោហារ ដ៏រួសរាយរាក់ទាក់អន្ទងចិត្តភ្ញៀវទេសចរ ឱ្យចូលទិញទឹកត្នោតផ្អែមរបស់ខ្លួន។

ក្រៅពីទឹកមុខញញឹមពព្រាយដ៏ទាក់ទាញ តាមទម្លាប់ជនជាតិខ្មែរ និងការតាំងលម្អនូវបំពង់ទឹកត្នោត ទុំត្នោត ក្ដឹបត្នោត ក្តត្នោត បង្អោងឡើងត្នោត ភ្ជាប់ជាមួយដើមត្នោតមួយដើមនៅខាងក្រោយខ្នង លោក គីម ជាអ្នកខេត្តកំពង់ចាម សម្បុរខ្មៅស្រអែម អាចនិយាយជាមួយភ្ញៀវទេសចរអន្តរជាតិ សម្រាប់លក់ទឹកត្នោតរបស់ខ្លួន បានច្រើនជាង ៥ភាសា ដូចជា ចិន អង់គ្លេស បារាំង ជប៉ុន កូរ៉េ ថៃ ជាដើម។

ទឹកត្នោតដែលលោក គីម យកមកលក់ជូនភ្ញៀវទេសចរ នៅមុខប្រាសាទអង្គរវត្តនោះ គឺឡើងយកពីដើមត្នោតទាំងឡាយ ដែលនៅជុំវិញប្រាសាទអង្គរវត្ត ដោយទទួលបាន ការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ។

ក្នុងមួយថ្ងៃ លោក គីម លក់ទឹកត្នោតផ្អែមបានប្រមាណ ១៥លីត្រ ដោយក្នុង១លីត្រអាចបំបែកបាន៥កែវជ័រ ហើយលោកលក់១កែវជ័រថ្លៃ ២,០០០រៀល។ លោកថាបើទឹកត្នោតនេះលក់មិនអស់ លោកយកទៅរំងាស់ជាស្ករត្នោតបានទៀតផងដែរ ពោលគឺមិនដែលទុកលក់ជូនភ្ញៀវទេសចរនៅថ្ងៃស្អែកទេ ពីព្រោះទឹកត្នោតមិនអាចទុកលើសពីមួយថ្ងៃឡើយ។

បើនិយាយពីចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរវិញ លោក គីម បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិក៏ចាប់អារម្មណ៍ ភ្លក្សទឹកត្នោតផ្អែមគួរសមដែរ ពិសេសគឺភ្ញៀវចិន។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77